(ភ្នំពេញ)៖ សំណុំរឿងនៃអំពើក្បត់ជាតិប្រហែលមិនបិទបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបញ្ជាឲ្យស្វែងរកជាប់ពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងគណបក្សប្រឆាំងមួយនេះ ហើយគណបក្សទាំងមូលក៏ត្រូវប្រឈមការ រំលាយចោលផងដែរ ប្រសិនបើរកឃើញជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងកិច្ចសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់តំណាងកម្មករ កម្មការិនីជាមួយសម្តីធ្ងន់ៗថា ប្រសិនបើទប់ស្កាត់ទង្វើក្បត់ជាតិរបស់លោក កឹម សុខា មិនទាន់ទេនោះ ប្រទេសជាតិទាំងមូលអាចនឹងត្រូវរលាយហិនហោចជាក់ជាមិនខាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឲ្យស្វែងរកជនពាក់ព័ន្ធជាមួយអំពើក្បត់ជាតិដទៃទៀត ដែលជ្រកក្រោមស្លាកគណបក្សសង្រ្គោះជាតិ ហើយសូម្បីតែគណបក្សក៏ត្រូវរំលាយចោលដែរ ប្រសិនជាប់ពាក់ព័ន្ធជាមួយអំពើទុច្ចរិតបំផ្លាញជាតិធ្ងន់ធ្ងរមួយនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ដូច្នេះយើងមិនអាចថយក្រោយទេ ហើយយើងនឹងពិនិត្យមើលនរណាខ្លះពាក់ព័ន្ធ តើបក្សទាំងមូលពាក់ព័ន្ធឬអត់?។ បើបក្សទាំងមូលពាក់ព័ន្ធវាច្បាស់ណាស់ថា បក្សត្រូវបានរំលាយចោលតែម្តង អំពើឃុបឃិតក្បត់ជាតិ ក្បត់ប្រទេស»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ព្រមទាំងអាណាព្យាបាលរបស់ពួកគេផងដែរ ឲ្យរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយនៅកម្ពុជា រួមទាំងរោងចក្រសហគ្រាសផងដែរ។ សម្តេចតេជោ បានបន្ថែមថា សមិទ្ធផលដែលប្រទេសជាតិកំពុងមាន និងរោងចក្រសហគ្រាស គឺបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការជម្នះភាពលំបាកសព្វបែបយ៉ាងរបស់សម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះមិនត្រូវឲ្យជនក្បត់ជាតិ មករំលាយបាននោះឡើយ។

សម្តេចក៏បានបញ្ជាក់ផងថា សម្តេចត្រូវបន្តដឹកនាំរាជរដ្ឋាភិបាល១០ឆ្នាំបន្តទៀត ដើម្បីរក្សាស្ថេរភាព និងសមិទ្ធផលរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ១២៖៣៥នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនលោក កឹម សុខា ក្រោយពីបែកធ្លាយវីដេអូមួយ ដែលក្នុងវិដេអូនោះ លោក កឹម សុខា បានសារភាពអំពីការអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាច ពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោក កឹម សុខា ថែមទាំងបានបញ្ជាក់ថា ការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក គឺបានធ្វើឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

លោក កឹម សុខា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិដូចកាលពីឆ្នាំ១៩៧០។ ទោសរបស់លោក កឹម សុខា ប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ៕