(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ក្នុងរយៈពេលជាង៦ខែកន្លងមកនេះ រាល់អំពើ លួច ឆក់ ប្លន់ សម្ភារភ្ញៀវទេសចរ នៅតាមឆ្នេរសមុទ្រ ត្រូវបានលប់បំបាត់អស់ទាំងស្រុង ដែលទាំងនេះគឺជាការខិតខំប្រឹងប្រែង របស់កម្លាំងសមត្ថកិច្ចនគរបាល និងអាជ្ញាធរពាក់ព័ន្ធ។
ជាមួយគ្នានេះលោកវរសេនីយ៍ទោ ប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ឆ្នេរមានភាពល្អប្រសើរដូចនេះ ដោយមានការខិតខំប្រឹងប្រែង ពីកងកម្លាំងនគរបាលគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ចូលរួមបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងអស់គ្នាផងដែរ ព្រមទាំងមានផែនការ ត្រឹមត្រូវច្បាស់លាស់ ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោក ប៉ោ ប៊ុណ្ណារ៉ា បានឲ្យដឹងបន្ថែមថា «ទោះជាយ៉ាងណា ក៏កងកម្លាំងនគរបាលទេសចរណ៍ ជួបបញ្ហាប្រឈមនឹងការលំបាកខ្លះៗ ផងដែរ ពីព្រោះកម្លាំងតិច ហើយពេលនេះ មានអ្នកឈឺអស់បីនាក់ទៀត។ តែទោះបីជាយ៉ាងណា ក៏បងប្អូនយើងខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយសប្បាយរីករាយផងដែរ»៕