(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានដាក់លិខិតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជូយឲ្យពលរដ្ឋជិត១,០០០គ្រួសារ នៅសហគមន៍សិប្បកម្មរ៉ែមាសចុងផ្លាស់ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា អាចធ្វើអាជីវកម្មជីករ៉ែមាសជម្រៅលើសពី២០ម៉ែត្រ។
តាមលិខិតដែលដាក់ជូនខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន របស់អភិបាលខេត្តមណ្ឌលគិរី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ មូលហេតុដែលមកអាជ្ញាធរខេត្ត បានលើកសំណូមពរនេះ ទៅក្រសួងរ៉ែ និងថាមពល ចំនួន២លើករួចមកហើយ ប៉ុន្ដែក្រសួងមិនអនុញ្ញាតផ្ដល់ជូនតាមសំណើរ នោះឡើយ ដោយក្រសួងអះអាងថា ខ្លាចមានគ្រោះថ្នាក់។
លោក ស្វាយ សំអ៊ាង បានឲ្យដឹងពីដំណើររឿងថា ប្រជាពលរដ្ឋនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានប្រកបមុខរបរជីរ៉ែមាសជាលក្ខណៈគ្រួសារ តាំងពីអំឡុងឆ្នាំ១៩៩០ មកម្ល៉េះ ប៉ុន្ដែនៅឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល បានផ្ដល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន រ៉ុង ឆេង ចំនួន២០០០ហិកតា ហើយរក្សាដីឲ្យពលរដ្ឋធ្វើអាជីវកម្មលក្ខណៈគ្រួសារ ចំនួន៤៣ហិកតា និងកំណត់ថាមិនឲ្យជីកលើសជម្រៅ២០ម៉ែត្រនោះទេ។
ក្រោយពីការកំណត់របស់ក្រសួងរួចមក ប្រជាពលរដ្ឋនៅតំបន់នោះ ក៏មានការស្រុះស្រួល និងឯកភាពតាមក្រសួងកំណត់ ប៉ុន្ដែរយៈពេល២ឆ្នាំមកនេះ ការធ្វើអាជីវកម្មរបស់ពលរដ្ឋមិនសូវបានផលនោះទេ ដោយសារក្រុមហ៊ុនដែលនៅក្បែរនោះតែងតែ ជីកចូលដីរបស់ពួកគាត់ ហើយមួយវិញទៀតជម្រៅ២០ម៉ែត្រ មិនអាចរករ៉ែមាសបាននោះទេ ពោលគឺបានតែបន្ដិចបន្ដួចប៉ុណ្ណោះ។
ប្រជាពលរដ្ឋសហគមន៍ខាងលើនេះ ក៏បានអះអាងថា ការធ្វើអាជីវកម្មរបស់ពួកគាត់២ឆ្នាំមកនេះ មិនដែលមានបញ្ហាអ្វីនោះទេ ដោយសារតែពួកគាត់មានឧបករណ៍ត្រឹមត្រូវ ហើយតែងតែស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ដូច្នេះហើយពួកគាត់សង្ឃឹមយ៉ាងម៉ុតមាំថា ការស្នើសុំសម្ដេចតេជោ ហ៊ុន សែន លើកនេះសម្ដេចនឹងអនុញ្ញាត ឲ្យពួកគាត់។
បន្ថែមពីនេះ ពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ជួយដោះស្រាយ និងអនុញ្ញាតឲ្យពួកគាត់អាចជីកជម្រៅលើសពី២០ម៉ែត្រនេះផង ព្រោះពួកគាត់មិនដែលជួបបញ្ហាអ្វី ដូចនៅតំបន់ផ្សេងៗ ដែលជីកយ៉ាងណាធិបតេយ្យនោះទេ។
មួយវិញទៀតប្រជាពលរដ្ឋក៏ស្នើដល់ថ្នាក់ដឹកនាំ មេត្តាជួយកំណត់ទីតាំងឲ្យបានច្បាស់លាស់បន្ថែមទៀត រវាងដីសហគមន៍របស់ពលរដ្ឋ និងរបស់ក្រុមហ៊ុន រ៉ុង ឆេង ព្រោះកន្លងមកក្រសួងបានកំណត់រួចមកហើយ ប៉ុន្ដែក្រុមហ៊ុនតែងតែជីកលើសការកំណត់ ចូលដីរបស់ពួកគាត់ ដូច្នេះពួកគាត់ចង់ឲ្យកំណត់បន្ថែមផងដែរ៕