(ភ្នំពេញ)៖ ក្រុមហ៊ុន Hytera Communication ដែលជាក្រុមហ៊ុនផលិតវិទ្យុទាក់ទងដ៏ល្បីនៅចិន និងឈរលំលេខ១ ពិភពលោក បានទទួលឱកាសចរាចរលក់ផលិតផលរបស់ខ្លួនលើទីផ្សារកម្ពុជាផ្លូវការហើយ ក្រោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុន បរកែវ ថេរ៉ាថេក-ខេមបូឌា ដែលទើបចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយគ្នាកាលពីម្សិលមិញ នៅភោជនីយដ្ឋានទន្លេបាសាក់-II ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។

លោកស្រី Dom Vanthy នាយកប្រតិបត្តិក្រុមហ៊ុន បរកែវ បានឲ្យដឹងថា ការសម្រេចចិត្តសហការជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន ដើម្បីនាំចូលផ្ដាច់មុខនូវផលិតផលវិទ្យុទាក់ទងខាងលើ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារវិទ្យុទាក់ទងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកំពុងមានការវិវត្តន៍រីកចម្រើនឥតឈប់ឈរ ពិសេសក្នុងសម័យទំនើប ដើម្បីប្រាស្រ័យទាក់ទងការងារ ឬការផ្ដល់ព័ត៌មាន ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា ។

លោកស្ដ្រីបន្ដថា បច្ចុប្បន្នក្រមហ៊ុនបាននាំចូលនូវផលិតផលវិទ្យុទាក់ទងជាច្រើន ដូចជាប្រព័ន្ធ Analog, Digital, Smart Net Trunking, DMR Trunking, IP Radio ជាដើម ។ ចំពោះការព្យាយាមនាំចូលផលិតផលថ្មី និងជាបច្ចេកវិទ្យាចុងក្រោយទៀតសោត គឺដើម្បីរួមចំណែកសម្រួលដល់ដំណើរការងារ និងការធ្វើអាជីវកម្មរបស់អតិថិជនឲ្យទទួលបានជោគជ័យ រួមមានក្រុមហ៊ុនការដ្ឋានសំណង់ សណ្ឋាគារ អង្គរការ មន្ទីរពេទ្យ កាស៊ីណូ ផ្សារទំនើប និងស្ថាប័នរដ្ឋ-ឯកជនផ្សេងៗ ។

ជាមួយគ្នានោះលោក Paul WU នាយកក្រុមហ៊ុន Hytera ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានផ្គត់ផ្គង់ផលិតផលវិទ្យុទាក់ទងជាច្រើនប្រទេសលើពិភពលោក ហើយក៏ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើនផងដែរ ។ ជាមួយគ្នាផងនោះ ក្រុមហ៊ុនតែងផលិតនូវផលិតផលថ្មីៗ ដើម្បីភាពងាយស្រួលក្នុងការទាក់ទង ទោះបីនៅទីជិត ឬឆ្ងាយក៏ដោយ ។ មិនតែប៉ុណ្ណោះ ផលិតនីមួយៗ សុទ្ធតែមានគុណប្រយោជន៍រៀងៗខ្លួន ដូច្នេះលោកសង្ឃឹមថា ការបង្ហាញវត្តមានលើទីផ្សារកម្ពុជាពីផលិតផល Hytera នឹងទទួលបានការគាំទ្រមិនចេញបណ្ដាប្រទេសផ្សេងៗលើពិភពលោកឡើយ ៕