(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម ប្រាប់និស្សិននាយទាហាន ត្រូវទទួលខុសត្រូវក្នុងការសិក្សា និងការគោរពវិន័យ ប៉ុន្តែពេលចេញពីសាលា គឺត្រូវទទួលខុសត្រូវនៅក្នុងការដឹកនាំ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សា និងជូនរង្វាន់ ដល់និស្សិតនាយទាហានពូកែ ឆ្នាំសិក្សា២០១៦-២០១៧ នៅខេត្តកោះកុង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា ធ្វើជានាយទាហាន ដែលជាអ្នកដឹកនាំត្រូវមានឥទ្ធិពល តាមរយៈការទទួលខុសត្រូវ មានគំនិតផ្តួចផ្តើម មានគុណធម៌ សីលធម៌ ដើម្បីទទួលបានការគោរព ហើយត្រូវមានភាពខ្លាំង និងភាពប៉ិនប្រសព្វ នេះគឺជាភាពខ្លាំង និងចិត្តសាស្រ្តរបស់កងទ័ព។
បន្ថែមពីនេះ លោកក៏បានផ្ដាំផ្ញើដល់និស្សិតនាយទាហានត្រូវគោរពបទបញ្ជា បទវិន័យ និងលក្ខន្តិកៈកងទ័ពឲ្យបានខ្ជាប់ខ្ជួន ត្រូវរក្សាឲ្យបាននូសុជីវធម៌ សីលធម៌ មានសេចក្តីថ្លៃថ្នូរ ជាយោធិនគំរូ ត្រូវម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ត្រូវស្មោះត្រង់ ហ៊ានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាតិមាតុភូមិ ការពាររដ្ឋាភិបាល និងការពារសុខសន្តិភាពជូនមាតុភូមិ និងប្រជាជន។
ក្នុងឋានៈជាមេបញ្ជាការ លោក ហ៊ុន ម៉ាណែត អះអាងថា ទស្សនកិច្ចសិក្សារបស់និស្សិតនាយទាហានពូកែ បានធ្វើទៅកាន់តំបន់សេដ្ឋកិច្ច តំបន់សក្តានុពល តំបន់វប្បធម៌ តំបន់កងទ័ពដែលនេះ គឺជាភាពជោគជ័យនៅក្នុងថ្នាក់ និងក្រៅសាលាដែលបានមកពីខិតខំយកចិត្តទុកដាក់ របស់នាយទាហានដែលជាលទ្ធផលគួរជាទីមោទនៈ ហើយត្រូវច្បាមយកឱកាស ធ្វើឲ្យលទ្ធភាព និងមានឆន្ទៈដើម្បីភាពជោគជ័យ។
ជាមួយគ្នានេះ និស្សិតនាយទាហានពូកែ ដែលបានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តកោះកុង និងទទួលរង្វាន់សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភទាំងសម្ភារៈ និងថវិកាដល់និស្សិតនាយទាហានពូកែ នៅក្នុងដំណើរទស្សនកិច្ចនេះ។
និស្សិតនាយទាហានពូកែ ក៏សូមគោរពថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំសាលា នាយទាហានសកម្មត្មាតពង និងវិទ្យាស្ថានកងទ័ពជើងគោក ចំពោះការបង្កើតឲ្យមានដំណើរទស្សនកិច្ចសិក្សា និងជូនរង្វាន់ដល់និស្សិតនាយទាហានពូកែ ដែលនេះការយកចិត្តទុកដាក់ ការលើកទឹកចិត្ត៕