(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានៃកិច្ចប្រជុំកំពូលសហគ្រិនចិន-កម្ពុជា លើយុទ្ធសាស្ត្រ «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលបានប្រារព្វឡើង នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយ កត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសឲ្យមានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានគាំទ្រផងដែរនូវយុទ្ធសាស្រ្ត «ផ្លូវមួយខ្សែក្រវាត់មួយ» របស់ប្រទេសចិន ហើយរាជរដ្ឋាភិបាលក៏បានជួយសម្របសម្រួលដល់គ្រប់អ្នកវិនិយោគបទេស ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោកស្រី បានបន្តទៀតថា យុទ្ធសាស្ត្រ «ផ្លូវមួយខ្សែក្រវាត់មួយ» នេះបានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ខេត្តជាច្រើនក្នុងប្រទេសចិន ក៏ដូចជាការតភ្ជាប់រវាងប្រទេសចិនទៅនឹងប្រទេសជាច្រើនទៀតក្នុងតំបន់ និងអន្តរទ្វីប និងបានជួយសម្រួល និងជំរុញនូវការអភិវឌ្ឍសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេស ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា មិនតែប៉ុណ្ណោះយុទ្ធសាស្ត្រនេះ ក៏បានលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំងរវាងប្រទេសកម្ពុជា-ចិន រវាងប្រជាជន និងប្រជាជន ទាំងក្នុងតំបន់ និងក្នុងពិភពលោកឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត៕