(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបាឡែន បុក​ម៉ូតូមួយគ្រឿង ដោយក្នុងនោះ មានជនរងគ្រោះម្នាក់ជិះក្នុងរថយន្ដ ដែលគេស្គាល់ថា ជាតារាចំរៀង ណយ វ៉ាន់ណេត រងរបួសធ្ងន់ ក្នុងចំណោមអ្នករួមដំណើរ​៥នាក់ រីឯភាគីម៉ូតូម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើ​ផ្លូវ​ជា​តិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​​១៥១-១៥២​ ​​ភូមិ​សឹ្ទងឆាយ​ខាង​ជើង​ ឃុំសឹ្ទងឆាយ​ ស្រុក​កំពង់​សិលា​ ខេត្តព្រះ​សីហនុ​ ដែល​រថយន្ត​បាឡែន​ មានទិសដៅ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះ​សីហនុ​ ម៉ូតូម៉ាក​​MSX មានទិសដៅបញ្ច្រាស់​គ្នា។

របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ​រថយន្ត​ Camry បាឡែន​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​​2AD-0120 (អ្នក​បើកបរ​រត់​គេច​បាត់​ មិន​ស្គាល់​អត្តសញ្ញាណ​​)​ អ្នក​រួម​ដំណើរ​ក្នុង​រថយន្តមាន​០៥នាក់​ ក្នុង​នោះ​ របួសធ្ងន់​ម្នាក់ គឺតារាចំរៀង លោក ណយ​ វ៉ាន់​ណេត អាយុ​​៥៩ឆ្នាំ​ ​ស្នាក់​នៅ​ភូមិ​ឫស្សី​ស្រស់​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​។ ដោយឡែក ម៉ូតូ​ម៉ាក​ MSX បើកបរដោយ ឈ្មោះ​ ផុន​ ប៊ុន​លាភ​ ភេទប្រុស​ អាយុ​​២២ឆ្នាំ​ របួសធ្ងន់​បាក់ជើងទាំងពីរ​ និងអ្នករួមដំណើរ​ ឈ្មោះ​ ណោ​ ស្រីនាង អាយុ​២០ឆ្នាំ​ ស្លាប់​នៅ​កន្លែងកើតហេតុ​ អ្នក​ទាំង​ពីរ​រស់នៅភូមិថី្ម​ ឃុំកំពង់សិលា​ ស្រុក​កំពង់​សិលា និង​មានមុខរបរ​ធ្វើការ​នៅ​រោងចក្រ​តំបន់សេដ្ឋកិច្ចពិសេស​ឃុំបិតត្រាំង​ ខេត្តព្រះ​សីហនុ។

ក្រោយកើតហេតុភ្លាមៗ ​កម្លាំងអាវុធហត្ថ​ស្នាក់ការសន្តិសុខ​​៤០២​ សហការ​ជាមួយកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ជួយសង្គ្រោះលើកអ្នករងរបួស ដាក់រថយន្តសង្គ្រោះ យកទៅមនី្ទរពេទ្យបង្អែកស្រុកស្រែអំបិល​ ចំណែកសាកសពបានប្រគល់​ទៅឲ្យក្រុមគ្រួសារ​សព យកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯវត្ថុតាង​​ទាំង២ ត្រូវបានស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីចាត់ការនិតិវិធីបន្ត៕