(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបេក្ខជនប្រឡងបាក់ឌុប ចំនួន២៨នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តកំហុសឆ្គង ខុសបំរាម និងវិន័យ នាអំឡុងថ្ងៃប្រឡង ២១-២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនដែលកំណត់ឱ្យធ្លាក់២៨នាក់នោះ បានប្រព្រឹត្តកំហុសឆ្គងមួយចំនួននៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ដូចជាករណីប្រឡងជំនួស ប្ដូរលេខតុ លួចចម្លង ប្រើប្រាស់ទូរស័ព្ទដៃ យកសំណៅឯកសារ និងម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡង ជាដើម។
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២១ សីហា ២០១៧ សម្រាប់ឆ្នាំ២០១៧នេះ មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា៦៣.៨៤% នៃបេក្ខជនវត្តមានសរុបចំនួន ៩៩,៧២៨នាក់។ ថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនប្រឡងជាប់ចំនួន ៣៤,២៣៤នាក់ ត្រូវជា៥៣.៤០% និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនប្រឡងជាប់ចំនួន ២៩ ,៤៣៤នាក់ ត្រូវជា៨២.៦២%។
ក្នុងចំណោម សិស្សប្រឡងជាប់ ៦៣ ៦៦៨នាក់នោះ មានបេក្ខជនទទួល៖ និទ្ទេស A៖ ចំនួន ៤២៤នាក់, និទ្ទេស B៖ ចំនួន ២ ៤៦៤នាក់, និទ្ទេស C៖ ចំនួន ៥ ០០០នាក់, និទ្ទេស D៖ ចំនួន ៩ ១២៣នាក់ និងនិទ្ទេស E៖ ចំនួន ៤៦ ៦៥៧នាក់៕