(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ សមាគមអ៊ីគ័នតាវប្រចាំនៅកម្ពុជា បានរៀបចំពិធី ចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជាង១១០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូ ទឹកស៊ីអ៊ីវ ១ឡូ អំបិល ១ គីឡូ សម្លៀកបំពាក់មួយកំប្លេរ ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់អជ្ញាធរមូលដ្ឋាន លោកចៅសង្កាត់រងទឹកថ្លា លោកប្រធានការិយាល័យធម្មការ និងសាសនា ខណ្ឌសែនសុខ ផងដែរ។

នៅក្នុងឱកាសនោះ អ្នកគ្រូឧបជ្ឈាយ៍ឡាយ ស៊ូឈុន ប្រធានសមាគមអ៊ីគ័នតាវកម្ពុជា បានលើកឡើងថា ត្បិតអំណោយសប្បុរសធម៌នៅថ្ងៃនេះ បន្តិចបន្តួចក្តី តែវាបានបង្ហាញពីក្តីស្រលាញ់ និងសទ្ធាចិត្តដ៏បរិសុទ្ឋ ដែលមិនអាចកាត់ថ្លៃបាន ហើយក៏ជាការចូលរួមចំណែកសម្រាលការខ្វះខាត ជាពិសេសសកម្មភាពសប្បុរសធម៌នេះ គឺកាយវិការបង្ហាញអំពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារដែលមានជីវភាពខ្វះខាតផងដែរ៕