(កំពង់ធំ)៖ កម្លាំងសមត្ថចម្រុះបង្ក្រាបបទល្មើសជលផល ដឹកនាំដោយ លោក ជល ថាច នាយរងខណ្ឌរដ្ឋបាលកំពង់ធំ បានចុះបង្ក្រាបបទល្មើស ដែលអនវត្តន៍ពីច្បាប់បានចែង ក្នុងនោះក៏មាន ការកាប់បំផ្លាញរបាំងសាច់អួនចំនួន៥ របាំងសរុបប្រវែង២២៥០ម៉ែត្រ លូសាច់អួនចំនួន១៤ ឡុកសាច់អួន៩គ្រឿង បង្គោល១,៦៥០ដើម ចាក់លែងត្រីទម្ងន់២០០គីឡូក្រាម និងបំផ្លាញ
បង្គោលឈ្នក់៤ដើម។
បើតាម លោក ជល ថាច នាយរងខណ្ឌរដ្ឋបាលកំពង់ធំ បានឲ្យដឹងថា ការចុះប្រតិបត្តិការនេះធ្វើឡើងដោយយោងទៅតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងដល់ សារធារណជន និងអ្នកនេសាទទាំងអស់ អំពីរយ:ពេលនៃនេសាទ ដែលស្ថិតនៅក្នុងតំបន់ខាងជើងខ្សែស្របទន្លេចតុមុខ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា របស់ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនាឆ្នាំ២០១៧នេះ និង ដោយផ្នែកតាមការបញ្ជាពីលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ធំ តាមស្មារតីលិខិតបញ្ជា បេសកកម្ម ចុះថ្ងៃទី៤ ខែកញ្ញា ដើម្បីបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្តដែននេសាទ ដោយមានរួមគាំទ្រពីអាជ្ញាធរឃុំពាមបាង និងមានការសហការចូលរួមពីអាជ្ញាធរមាន សមត្ថកិច្ចដទៃទៀតរួមមាន មន្រ្តីផ្នែករដ្ឋបាលជលផលផាត់សណ្តាយ មន្រ្តីសង្កាត់រដ្ឋបាលជលផលពាមបាង មន្រ្តីបរិស្ថានតំបន់ស្នូលបឹងឆ្មារ កងកម្លាំងវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តនិង គណៈកម្មការសហគមន៍នេសាទ ។
លោកបន្តថា ខណ្ឌរដ្ឋបាលជលផលបានចាត់ទុកការចុះបង្ក្រាបនាពេលនេះ ដើម្បីការពារប្រយោជន៍សាធារណៈ រក្សាបាននូវសន្តិសុខស្បៀងក្នុងសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការចូលរួមចំណែកធ្វើឲ្យមាននិរន្តរភាពផលស្តុកជលផលក្នុងធម្មជាតិ។ ជាមួយគ្នានេះដែរលោកបន្ថែមថា បទល្មើសជលផល នៅតែមាន ដែលតម្រូវឲ្យយើងធ្វើការរួមគ្នាអោយ បានសស្រាក់ស្រាំនិងសូមអំពាវនាវដល់ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច មេត្តាចូលរួមក្នុងចលនាបង្ក្រាបបទល្មើសជលផលជាបន្តទៀត៕