(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ៥រោជ ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទីហេងសំរិន ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីបានប្រារព្ធពិធី បង្សុកូលនៅមហាចេតីយ៌ស្ថិតនៅក្នុងបរិវេណភូមិគ្រឹះ របស់សម្តេចនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំព្រមទាំងបាន អញ្ជើញចូលរួមពិធីបុណ្យ កាន់បិណ្ឌវេនទី៥ ជាមួយនិងបងប្អូនប្រជាពុទ្ធបរិស័ទ នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ។

វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូលមានការរីកចំរើន យ៉ាងខ្លាំងអាស្រ័យដោយ ទទួលបានការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ហើយតាមការបញ្ជាក់របស់ គណៈកម្មការអាចារ្យវត្តថា វត្ត មានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ខាងវិស័យព្រះពុទ្ធសាសនា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច ប្រធានរដ្ឋសភា និងលោកជំទាវដែលលោកទាំងទ្វេរ តែងអញ្ជើញមកចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវនេះជារៀងរាល់ឆ្នាំមិនដែលខកខាន។

បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យ ដ៌ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើក្នុងរយះពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោចខែភទ្រ បទរហូតដក់ថ្ងៃ១៥រោច ខែភទ្របទ។

នៅក្នុងឱកាសនោះបន្ទាប់ពី ពិធីនមសកាសមាទានសីលចប់សព្វគ្រប់រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី អស់លោកលោកស្រី ដែលបានអញ្ជើញចូលរួមបានអញ្ជើញ រាប់បាត្រប្រគេនភត្តាហារជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណកន្ធបុព្វការីជនមានមាតាជីដូនជីតានិងញាតិការ ទាំងប្រាំពីរសន្ថានរបស់សម្តេច និងលោកជំទាវ ដែលបានចែកឋានទៅកាន់លោកខាងមុខ ហើយនោះសូមអោយដួងព្រលឹង អស់លោកអ្នកទាំងនោះបានទៅកាន់ទីសុខ ស្ងប់និងឋានសុគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

តាមរយះមនុញផលព្រះសង្ឃ ជាស្រែបុណ្យនាពិធីកាន់បិណ្ឌវេនទី៥នេះ អង្គពិធីក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខនវីរៈយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិនិងប្រជាពលរដ្ឋ ដែលបានទទួលមរណភាព ក្នុងបុព្វហេតុតស៊ូរំដោះ និងបំរើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋសូមបានទៅកាន់ ទីឋានសុគតិភពជារៀងរហូត។

នៅក្នុងឱកាសនេះ អង្គពិធីក៌បានបួសួងដល់ទេវតា ថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងវត្ថុសក្តិសិទ្ធក្នុងលោកមានព្រះគុណកែវទាំងបី ព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយទ្រទ្រង់ និងប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី សុភមង្គលនិងវិបុលសុខគ្រប់ប្រការ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សូមសម្តេច និងលោកជំទាវមានសុខភាពល្អបរិបូរណ៌ អាយុយឺនយូរជាងរយវស្សាដើម្បីបន្តស្ថិត នៅជាម្លប់ដ៌ត្រជាក់ដល់កូនចៅចៅទួត និងបន្តដឹកនាំស្ថាប័នរដ្ឋសភាកម្ពុជា អោយកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនៃការអញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ក៏បានប្រគេនទេយ្យទានដល់ ព្រះសង្ឃមាន មី២កេសធំ ទឹកដោះគោ២កេសធំ ទឹកក្រូច៨កេស ទឹកសុទ្ធ៨កេស រួមនិងតែ ស្ករស និងបច្ច័យ១០លានរៀលព្រមទាំងបានចែកជូនលោកយាយ លោកតា ចំនួន១០០នាក់ក្នុងម្នាក់ៗក្រណាត់ស១ដុំ និងថវិកា១ម៉ឺន រៀល ៕