(ភ្នំពេញ)៖ ក្រោយពីប្រធានបក្សសង្គ្រោះជាតិ កឹម សុខា ត្រូវបានកម្លាំងរាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីខ្លួនបានសារភាពថា បានរៀបចំផែនការសម្ងាត់ជាមួយអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បីប្តូររបប និងមេដឹកនាំនៅកម្ពុជា គេឃើញមានប្រតិកម្មពីប្រទេសមួយចំនួនជុំវិញបញ្ហានេះ រួមនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសមួយចំនួនដូចជាអូស្ត្រាលី កាណាដា បារាំង សហរដ្ឋអាមេរិកជាដើម បានប្រមូលគ្នាធ្វើបាតុកម្មដើម្បីទាមទារដោះលែងជនត្រូវចោទពីបទក្បត់ជាតិ កឹម សុខា ដោយឥតលកខ្ខណ្ឌ ហើយបាតុកម្មមួយកន្លែងៗមានអ្នកចូលរួមមិនច្រើននោះ។ តើប្រតិកម្មរបស់ប្រទេសមួយចំនួន បាតុកម្ម និងយុទ្ធនាការបំប៉ោងព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ផ្តល់ផលល្អ ឬអាក្រក់ដល់ កឹម សុខា និងគណបក្សសង្គ្រោះជាតិ?

ទី១៖ ទោះបីជា សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រកាសថា បាតុកម្មនៅក្រៅប្រទេសមិនជាប់ពាក់ព័ន្ធនឹងគណបក្សខ្លួនក៏គេដឹងថា នេះគ្រាន់តែជាយុទ្ធសាស្ត្របិទបាំងការពិតប៉ុណ្ណោះ តាមពិតទៅគឺសាខា គណបក្សសង្គ្រោះជាតិនៅតាមបណ្តាប្រទេសទាំងនោះជាអ្នករៀបចំ រួមផ្សំនឹងសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងដៃជើងខ្លួនធ្វើចលនានៅក្រៅប្រទេស ដើម្បីឱ្យតំណាងរាស្ត្របក្សប្រឆាំងមួយចំនួនចេញមុខថ្កោលទោស រាជរដ្ឋាភិបាលកម្ពុជាដែលបានចាប់ខ្លួន កឹម សុខា។ នេះគឺជាការសមគំនិតគ្នារវាងទណ្ឌិត សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដើម្បីបរិហារកេរ្តិ៍កម្ពុជា និងអនុវត្តនយោបាយក្បត់ជាតិរបស់ខ្លួន ដោយអំពាវនាវកុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា កុំផ្តល់ជំនួយដល់កម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។

ទោះជាបដិសេធមិនជាប់ពាក់ព័ន្ធ ប៉ុន្តែនៅពីក្រោយខ្នង ពួកគេបន្តធ្វើការជាមួយគ្នាក្នុងបុព្វហេតុតែមួយ គឺធ្វើយ៉ាងណាបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរលើឆាកអន្តរជាតិ ដើម្បីបម្រើចៅហ្វាយបរទេសរបស់ខ្លួន។ ផែនការដែលរុញឱ្យ សម រង្ស៊ី និងខ្មែរនៅក្រៅស្រុកធ្វើបាតុកម្មទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា នេះត្រូវបានបញ្ចេញឱ្យដឹងពីបន្ទាយចាក់អង្រែ ហើយគោលជំហរបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសរក្សាភាពស្ងប់ស្ងាត់ទុកឱ្យ សហគមន៍អន្តរជាតិធ្វើការជំនួស។ ទង្វើរបស់បាតុករគាំទ្រគណបក្សសង្គ្រោះជាតិនៅពេលនេះហាក់ដូចជា ពួកគេបានគាំទ្រឱ្យបរទេសជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងលើកទឹកចិត្តជនក្បត់ជាតិ ដូច កឹម សុខា ដែលហ៊ានយកប្រទេសរបស់ខ្លួនទៅអនុវត្តផែនការបរទេសផ្តួលរំលំរបបដឹកនាំដោយខុសច្បាប់តាមរយៈបដិវត្តនពណ៌ ខុសពីលទ្ធិប្រជាធិបតេយ្យ។

ទី២៖ ចេញពីបាតុកម្មទាមទារដោះលែង កឹម សុខា ឥតលក្ខខណ្ឌ ក្រុមបាតុករដែលមានកាន់ទង់បក្សសង្គ្រោះជាតិបានស្រែកទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របច្បាប់ចេញពីតំណែង។ នេះគឺជាការឆ្លៀតឱកាសនៃការទាមទារត្រឹមតែដោះលែង កឹម សុខា មកជាការបំផ្ទុះចលនាប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតឡើងដោយការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យ។ អ្នកដែលចូលរួមបាតុកម្មត្រូវបានគេស្គាល់ថា ជាសកម្មជនបក្សសង្គ្រោះជាតិ ដែលបានបរិច្ចាកថវិកាយ៉ាងច្រើនដើម្បីគាំទ្របក្សសង្គ្រោះជាតិជាការដោះដូរនឹងការសន្យាឱ្យតំណែង ខ្យល់ដូចជាតួនាទីតំណាងរាស្ត្រ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬចៅហ្វាយខេត្តជាដើម ពេលដែលគណបក្សប្រឆាំងឈ្នះការបោះឆ្នោត។ ប្រសិនបើមិនចូលរួមបាតុកម្មទាមទារដោះលែង កឹម សុខា ទេ នោះក្តីសង្ឃឹម មកធ្វើកុង្សីយ៍នៅស្រុកខ្មែរក៏រលាយបាត់ ហើយថវិកាដែលសន្សំបានពីការបំពេញការងារ ឬរត់តាក់ស៊ីជាដើម នឹងខាតបង់គ្មានផលប្រយោជន៍ បានត្រឹម កឹម សុខា និង សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ យកធ្វើមានធ្វើបានប៉ុណ្ណោះ។ ដូច្នេះពួកគេត្រូវមកចូលរួមបាតុកម្មដើម្បីការពារផលប្រយោជន៍របស់គេ ព្រោះ សម រង្ស៊ី មិនអាចជួយខ្លួនបានឡើយព្រោះក្លាយជាទណ្ឌិតគ្មានថ្ងៃវិលត្រឡប់ចូលឆាកនយោបាយខ្មែរវិញ ហើយឥឡូវនេះ កឹម សុខា កំពុងស្ថិតនៅក្នុងស្ថានភាពនយោបាយស្ទើរស្លាប់ស្ទើររស់។ ប្រសិនបើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិអាចធ្វើបាតុកម្មទាម ទារឱ្យដោះលែង កឹម សុខា ជាជនសង្ស័យពីបទក្បត់ជាតិ តើប្រជាជនកម្ពុជាដែលគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអាចធ្វើបាតុកម្ម នៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិដើម្បីបង្ហាញការគាំទ្រ ពីចំណាត់ការរបស់រាជរដ្ឋាភិបាលប្រឆាំងនឹងអំពើក្បត់ជាតិ របស់អ្នកនយោបាយក្នុងបក្សប្រឆាំង ដែលត្រូវរ៉ូវជាមួយបរទេសបំផ្លាញជាតិខ្មែរបានទេ? នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកមានសិទ្ធិ យើងខ្ញុំក៏មានសិទ្ធិដែរ យើងមានសិទ្ធិស្មើគ្នាក្នុងការធ្វើបាតុកម្ម។

ទី៣៖ ប្រទេសផ្សេងៗដែលជាសម្ព័ន្ធមិត្ររបស់អាមេរិកដែលត្រូវបានកឹម សុខា អះអាងថា បានអនុវត្តផែនការសម្ងាត់តាំងពីឆ្នាំ១៩៩៣ ដើម្បីផ្លាស់ប្តូរមេដឹកនាំបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលចាត់វិធានការប្រឆាំងនឹងជនក្បត់ជាតិ។ តើប្រទេសទាំងនោះនឹងធ្វើយ៉ាងណា បើរកឃើញថាពលរដ្ឋខ្លួនត្រូវរ៉ូវជាមួយបរទេស ចារកម្ម និងប្រព្រឹត្តអំពើក្បត់ជាតិដូច កឹម សុខា ធ្វើនេះ? ពួកគេនឹងចេញប័ណ្ណសរសើរដល់ជនក្បត់ជាតិនោះ ឬត្រូវចាប់វាយខ្នោះតាមច្បាប់? ប៉ុន្តែទេវតាពិតជាមានភ្នែក កម្ពុជាក៏មានមិត្រដ៏ល្អដែលជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈនោះគឺប្រទេសចិនប្រជាមានិត។ ចិនបាន ផ្តល់សច្ចធម៌ និងភាពត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជាក្នុងការការពារប្រទេសរបស់ ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ កម្ពុជាមិនឯកោឡើយ ហើយក្នុងនាមរដ្ឋអធិបតេយ្យមួយ មានសិទ្ធិគ្រប់គ្រាន់ដើម្បីអនុ វត្តច្បាប់ដែលមានជាធរមាន និងមានសិទ្ធិចាត់ចែងវាសនាប្រទេសខ្លួនដោយមិន ចាំបាច់មានរដ្ឋណាមួយជាអ្នកបង្គាប់បញ្ជាឡើយ។ កាលដែលប្រទេសមួយចំនួន ធ្វើប្រតិកម្មនេះដោយសារតែខ្លួនចាំបាច់ត្រូវបង្ហាញការគាំទ្រចំពោះនយោបាយសម្ព័ន្ធមិត្រអាមេរិករបស់ខ្លួន។

អាមេរិកដែលត្រូវបានគេដឹងថាតែងតែអនុវត្តនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងដើម្បីគោលដៅំ្រប់គ្រងពិភពលោ្អាំងមូល និងអាចធ្វើជំនួយអាវុធក្រោយពីលូកដៃបង្កាត់ភ្លើង បង្កជម្លោះក្នុងប្រទេសមួយរវាងបក្សប្រឆាំងនិងបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលជាក់ស្តែងដូចជាការបង្កើតបដិវត្តន៍នៅមជ្ឈិមបូព៌ាជាដើម។ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាមានសិទ្ធិស្មើគ្នាជាមួយប្រទេសផ្សេងទៀត មិនថាប្រទេសនោះតូចជាងកម្ពុជា ឬធំជាងកម្ពុជា មាន ឬក្រជាងកម្ពុជាឡើយ។ ស្មើសិទ្ធិ និងស្មើភាពគ្នាគួរជាការអនុវត្តសម្រាប់ប្រទេសនានាទូទាំងពិភពលោក។ ការដាក់ស្ពាធ ឬប៉ុនប៉ងយកកម្ពុជាដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាច ហាក់ដូចជាហួសសម័យកាលទៅហើយក្នុងសតវត្សរ៍ទី២១ នេះ។ ប្រទេសទាំង ឡាយក៏គួរពិនិត្យថា តើប្រទេសខ្លួនបានអនុវត្តល្អហើយឬនៅ មុននឹងមកកែលើគេ។

ទី៤៖ ចំណែកការថ្កោលទោសពីសំណាក់អង្គការអន្តរជាតិនានាដែលមានទំនាក់ជិត ស្និទ្ធនឹងអាមេរិកគឺគ្រាន់តែបំពងសំឡេងឱ្យឮតែប៉ុណ្ណោះ។ ពួកស៊ីលុយអាមេរិកត្រូវតែបម្រើអាមេរិកទាំងអស់គ្នា។ ហេតុដូច្នេះហើយបានជាពេលមានបញ្ហាអ្វីមួយ ដែលរសើប ឬប៉ះពាល់ដល់កូនចឹងរបស់ខ្លួន ពួកគេបានព្រួតគ្នាដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាដោយបានការពារ យ៉ាងកម្រោលលើអំពើល្មើសច្បាប់ និងក្បត់ជាតិរបស់មន្ត្រីបក្សប្រឆាំងដែលជាកូន អុកអាមេរិកនៅលើសមរភូមិនយោបាយ។

តើសម្ពាធនយោបាយពីប្រទេសផ្សេងៗ និងការធ្វើបាតុកម្មរបស់អ្នកគាំទ្របក្សសង្គ្រោះជាតិក្រៅស្រុកបានផលអ្វីខ្លះសម្រាប់ កឹម សុខា និងគណបក្សសង្គ្រោះជាតិ? វាគ្មានបានផលអ្វីឡើយព្រោះបាតុកម្មដើម្បីដាក់សម្ពាធគ្មានប្រសិទ្ធភាព នៅកម្ពុជាឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអនុវត្តតាមគោលនយោបាយ របស់ខ្លួនដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា និងប្រឆាំងដាច់ខាតអំពើក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា។ ប្រសិនបើតុលាការរកឃើញថា កឹម សុខា ពិតជាមានពិរុទ្ធភាពក្នុងបទសុន្ទិដ្ឋិភាពជាមួយបរទេស បទក្បត់ជាតិ កឹម សុខា ត្រូវបានផ្តន្ទាទោស សូមតុលាការចាត់ការតាមផ្លូវច្បាប់គ្មានការយោគយល់ណាមួយឡើយ ហើយក៏មិនត្រូវស្នើឱ្យមានការលើកលែងទោសឡើយ។ ដូច្នេះសម្ពាធនិងបាតុកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ ប៉ុន្តែមានតែផ្តល់ភស្តុតាងដាក់បន្ទុកបន្ថែមទៀតលើជនត្រូវចោទ កឹម សុខា និងរុញឱ្យគណបក្សសង្គ្រោះជាតិកាន់តែស្ថិតនៅក្បែរជ្រោះមរណៈនៃការរំលាយគណបក្សចោល ធ្វើឱ្យបក្សនេះប្រឈមមុខនឹងការបាត់បង់អ្វីៗទាំងស្រុង ប្រសិនបើគេព្យាយាមបង្កើនកំដៅពីខាងក្រៅ ព្រោះគេមិនអាចទប់ជាតិនិយមរបស់ប្រជាជនកម្ពុជាបានឡើយ ព្រោះដាច់ខាតពួកគេត្រូវការពារអធិបតេយ្យភាពជាតិ សន្តិភាព និងការអភិវឌ្ឍដែលពួកគេកំពុងមាននេះ ប្រឆាំងនឹងការបំផ្លិចបំផ្លាញជាតិដោយសារតែជនក្បត់ជាតិមួយចំនួនតូច ដែលប៉ុនប៉ុងឡើងកាន់កាប់អំណាច តាមរយៈការផ្លាស់ប្តូររបៀបបដិវត្តន៍ពណ៌៕

ដោយ៖ ចៅចាក់ស្មុក