(ភ្នំពេញ)៖ លោក Bernard Krisher អតីតម្ចាស់កាសែត The Cambodia Daily ដែលកំពុងតែញំញីដោយ បំណុលពន្ធរយៈពេល១០ ជាង៦លានដុល្លារនោះ ហើយកំពុងរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចេញមុខសុំការទទួលខុសត្រូវ ជំនួសកូនស្រីរបស់ខ្លួន គឺអ្នកស្រី Deborah Krisher Steel ដែលម្ចាស់ថ្មីរបស់ The Cambodia Daily ដែលជំពាក់ពន្ធរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ឆ្លើយតបវិញថា គឺជារឿងនីតិបុគ្គល គ្មានជនណាអាចមកទទួលខុសត្រូវជំនួសទេ ជំពាក់ពន្ធត្រូវតែសង។  

ក្នុងលិខិតរបស់លោក Bernard Krisher ដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះអតីតម្ចាស់កាសែត The Cambodia Daily រូបនេះ បង្ហាញក្តីសោកស្តាយចំពោះ ការបិទកាសែតដែលមានអាយុកាល២៤ឆ្នាំមួយនេះ និងបានស្នើសុំសម្តេចតេជោ អនុញ្ញាតឲ្យរូបលោកជាអ្នកទទួលខុសត្រូវ ចំពោះការជំពាក់ពន្ធជាង៦លានដុល្លារនេះ ដោយហេតុផលថា ក្នុងអំឡុងពេលជំពាក់ប្រាក់ពន្ធនោះ កាសែត The Cambodia Daily គឺស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ហើយកូនស្រីរបស់ខ្លួន ទើបតែគ្រប់គ្រងបន្តបានត្រឹមតែ៤ខែប៉ុណ្ណោះ។

ក្នុងលិខិតអតីតម្ចាស់កាសែតបរទេសរូបនេះបានលើកឡើងថា «ការកំណត់យកពន្ធថយក្រោយ ចាប់ពីឆ្នាំ២០០៧​​ ដល់ឆ្នាំ២០១៦ ជាអំឡុងពេលដែលខ្ញុំកាន់កាប់កាសែត ខេមបូឌា ដេលី ឥឡូវបញ្ហានេះ បានធ្លាក់មកលើកូនស្រីខ្ញុំ Deborah។​ តាមការពិតកូន​ស្រីខ្ញុំទើបតែកាន់កាប់ក្រុមហ៊ុនបាន៤ខែប៉ុណ្ណោះ គឺចាប់ពីខែមីនា ឆ្នាំ២០១៧ រហូតដល់ពេលបិទកាសែតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។ ខ្ញុំសូមសម្ដេចមេត្តាអនុញ្ញាតឲ្យ ខ្ញុំទទួលខុសត្រូវកាសែត ខេមបូឌា ដេលី ក្នុងអំឡុងពេលដែលខ្ញុំកាន់កាប់​ និងកុំដាក់ការទទួលខុសលើកូនស្រីខ្ញុំ»

ពាក់ព័ន្ធសុំការទទួលខុសត្រូវបំណុលពន្ធជំនួសនេះ អគ្គនាយកពន្ធដារ លោក គង់ វិបុល បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយច្រានចោលការលើកឡើងរបស់ លោក Bernard Krisher អតីតម្ចាស់កាសែត The Cambodia Daily ដោយលោកអះអាងថា រឿងនីតិបុគ្គល គឺជារឿងនីតិបុគ្គល មិនអាចចេះតែមាននរណា សុំមកទទួលខុសត្រូវនោះទេ ជំពាក់ពន្ធរបស់រដ្ឋគឺត្រូវតែសងជាដាច់ខាត។

លោក គង់ វិបុល បានបញ្ជាក់ទៀតថា ពាក់ព័ន្ធសំណុំរឿងជំពាក់បំណុលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យប្តឹងថ្នាក់ដឹកនាំ៣រូប របស់កាសែត The Cambodia Daily រួចហើយរួមមាន ម្ចាស់ស្ថាប័ន, បណ្ណាធិការ និង ចាងហ្វាយការផ្សាយកាសែត Cambodia Daily ដូច្នេះទុកឲ្យស្ថាប័នតុលាការជាអ្នកចាក់ការ រឿងគេចវេសពន្ធនេះចុះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យបណ្តឹងថ្នាក់ដឹកនាំនៃកាសែត Cambodia Daily ចំនួន៣រូបទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖

ទី១៖ លោកស្រី Deborah Krisher-Steele. ដែលមានតួនាទីជាកម្មសិទ្ធិករ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily) ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ

ទី២៖ លោក Douglas Eric Steele ដែលមាននាទីជាបណ្ណាធិការ ក្រុមហ៊ុន Bernard Kriser Jmushi Co., Ltd. (កាសែត Cambodia Daily)​ ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។

ទី៣៖ លោក Bernard Krisher មានតួនាទីចាងហ្វាយកាសែត Cambodia Dialy. ដោយប្តឹងពីបទ គេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។

ដោយឡែកម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher Steel ក៏បានធ្វើលិខិតទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំការអន្តរាគមន៍ឲ្យកាសែតរបស់ខ្លួន បានដំណើរការឡើងវិញ។

នៅក្នុងលិខិតស្នើសុំការអន្តរាគមន៍ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី Deborah Krisher Steel បានគូសបញ្ជាក់ថា «ការបិទព្រឹត្តិបត្រ ឌឺខេមបូឌា ដេលី ពិតណាស់ថា មិនជាប់ពាក់ព័ន្ធទៅនឹងនយោបាយឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបិទការិយាល័យ NDI និងបណ្តេញបុគ្គលិកជនជាតិអាមេរិក ចេញពីកម្ពុជាកាលពីថ្មីៗនេះ»

បើទោះបីមានការសុំកិច្ចអន្តរាគមន៍យ៉ាងនេះក្តីតែរាជរដ្ឋាភិបាលកម្ពុជា មិនមានបានរារែកនោះឡើយក្នុងការឲ្យម្ចាស់កាសែត ដែលតែងតែរិះគន់ និងវាយប្រហាររាជរដ្ឋាភិបាលមួយនេះ ទូទាត់ និងសងបំណុលពន្ធដែលបានជំពាក់នោះ។ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា «ម្ចាស់កាសែតមួយនេះត្រូវតែទូទាត់ថ្លៃពន្ធដែលបានជំពាក់ពន្ធរដ្ឋ មិនអាចលិខិតមួយសន្លឹកនេះរួចខ្លួននោះទេ ព្រោះនេះជារឿងផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះ»

កាសែត The Cambodia Daily បានជំពាក់ពន្ធរាជរដ្ឋាភិបាលកម្ពុជាលើដំណើការរបស់ខ្លួនប្រមាណជា ៦លានដុល្លារអាមេរិក។ កាសែតនេះ បានប្រកាសបិទការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ បន្ទាប់ពីបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា៕