(ភ្នំពេញ)៖ ម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher Steel ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានធ្វើលិខិតមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យមានការសម្របសម្រួលទៅលើពន្ធដែលលោកស្រីបានជំពាក់ រាជរដ្ឋាភិបាលកម្ពុជាប្រមាណជា ៦លានដុល្លារអាមេរិក។ បើទោះបីមានការស្នើសុំឲ្យមានកិច្ចអន្តរាគមន៍យ៉ាងនេះក្តី តែរាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាជំហររឹងមាំ មិនទទួលយកសំណើរ និងទាមទារឲ្យម្ចាស់កាសែតជនជាតិអាមេរិករូបនេះ បង់ពន្ធទៅតាមច្បាប់កំណត់របស់រាជរដ្ឋាភិបាល។

ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher Steel បានបញ្ជាក់ថា លោកស្រី និងឪពុករបស់លោកស្រី គឺលោក Bernad Khrisher មិនមានបំណងគេចវេសពីការទទួលខុសត្រូវចំពោះច្បាប់ពន្ធដារ និងច្បាប់នានារបស់ព្រះរាជាណាចក្រកម្ពុជានោះឡើយ។

នៅក្នុងលិខិតស្នើសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែននេះ លោកស្រី Deborah Krisher Steel បានគូសបញ្ជាក់ថា ការបិទព្រឹត្តិបត្រ ឌឺខេមបូឌា ដេលី មិនជាប់ពាក់ព័ន្ធទៅនឹងនយោបាយឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបិទការិយាល័យ NDI និងបណ្តេញបុគ្គលិកជនជាតិអាមេរិក ចេញពីកម្ពុជាកាលពីថ្មីៗនេះ។

ម្ចាស់កាសែត The Cambodia Daily បន្តថា «ការបិទព្រឹត្តិបត្រ ឌឹខេមបូឌា ដេលី គ្រាន់តែជាហេតុការណ៍កើតឡើងដោយចៃដន្យ ក្នុងពេលដំណាលគ្នាតែប៉ុណ្ណោះ ហើយមិនជាប់ពាក់ព័ន្ធបន្តិចណាទាល់តែសោះទៅនឹងករណីខាងលើនេះ។ ខ្ញុំពិតជាសោកស្តាយ ដែលមានអត្ថាធិប្បាយជាច្រើនពីមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានចាត់តុកការបិទព្រឹត្តិបត្រ ឌឹខេមបូឌា ដេលី ភ្ជាប់ទៅនឹងរឿងនយោបាយ ហើយបានចោទរាជរដ្ឋាភិបាលថា ព្យាយាមបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា»

លោកស្រី Deborah Krisher Steel បានបង្ហាញការរំពឹងថា សម្តេចតេជោ ហ៊ុន សែន នឹងជួយដោះស្រាយបញ្ហារវាងកាសែតរបស់ខ្លួន ជាមួយអគ្គនាយកដ្ឋានពន្ធដា ដើម្បីឲ្យកាសែតមួយនេះដំណើរការឡើងវិញ។

បើទោះបីមានការសុំកិច្ចអន្តរាគមន៍យ៉ាងនេះក្តីតែរាជរដ្ឋាភិបាលកម្ពុជា មិនមានបានរារែកនោះឡើយក្នុងការឲ្យម្ចាស់កាសែត ដែលតែងតែរិះគន់ និងវាយប្រហាររាជរដ្ឋាភិបាលមួយនេះ ទូទាត់ និងសងបំណុលពន្ធដែលបានជំពាក់នោះ។ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា «ម្ចាស់កាសែតមួយនេះត្រូវតែទូទាត់ថ្លៃពន្ធដែលបានជំពាក់ពន្ធរដ្ឋ មិនអាចលិខិតមួយសន្លឹកនេះរួចខ្លួននោះទេ ព្រោះនេះជារឿងផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះ»

មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធរបស់កម្ពុជា, រាជរដ្ឋាភិបាលនៅតែមានជំហរមិនទទួលការសុំទោសរបស់ម្ចាស់កាសែត Cambodia Daily និងទាមទារបង់ពន្ធទៅតាមច្បាប់»

កាសែត The Cambodia Daily បានជំពាក់ពន្ធរាជរដ្ឋាភិបាលកម្ពុជាលើដំណើការរបស់ខ្លួនប្រមាណជា ៦លានដុល្លារអាមេរិក។ កាសែតនេះ បានប្រកាសបិទការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ បន្ទាប់ពីបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា៕ (លិខិតម្ចាស់កាសែត Cambodia Daily ផ្ញើជូនសម្តេចតេជោ)