(ភ្នំពេញ)៖ ម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher Steel បានថ្លែងថា ការបិទដំណើរការកាសែតរបស់ខ្លួនកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ ហើយបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយសម្របសម្រួលឲ្យខ្លួនបានដំណើរការកាសែតឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណាអគ្គនាយកពន្ធដារ លោក គង់ វិបុល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃសៅរ៍នេះថា នៅតែទាមទារឲ្យម្ចាស់កាសែតដែលជាជនជាតិអាមេរិករូបនេះ ត្រូវទទួលខុសត្រូវលើបំណុលពន្ធរដ្ឋចំពោះមុខច្បាប់របស់ប្រទេសកម្ពុជា។

ការឈានដល់ការបិទដំណើរការរបស់កាសែត The Cambodia Daily ដែលមានអាយុកាលប្រមាណជា ២៤ឆ្នាំនៅដើមសប្តាហ៍នេះ បានធ្វើឲ្យមានមតិប្រតិកម្មជាច្រើន និងមានការចោទប្រកាន់ថា ការបិទកាសែតនេះជាចេតនារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបានទាញភ្ជាប់ការបិទកាសែតនេះជារឿងនយោបាយ។

ផ្ទុយពីការចោទប្រកាន់ និងមតិទាំងអស់នោះ ម្ចាស់កាសែត The Cambodia Daily បានធ្វើលិខិតទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំការអន្តរាគមន៍ឲ្យកាសែតរបស់ខ្លួនបានដំណើរការឡើងវិញ។ នៅក្នុងលិខិតស្នើសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកស្រី Deborah Krisher Steel បានគូសបញ្ជាក់ថា «ការបិទព្រឹត្តិបត្រ ឌឺខេមបូឌា ដេលី ពិតណាស់ថា មិនជាប់ពាក់ព័ន្ធទៅនឹងនយោបាយឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានបិទការិយាល័យ NDI និងបណ្តេញបុគ្គលិកជនជាតិអាមេរិក ចេញពីកម្ពុជាកាលពីថ្មីៗនេះ»។

ក្នុងលិខិតសុំអន្តរាគមន៍នេះ ម្ចាស់កាសែត The Cambodia Daily បន្តថា «ការបិទព្រឹត្តិបត្រ ឌឹខេមបូឌា ដេលី គ្រាន់តែជាហេតុការណ៍កើតឡើងដោយចៃដន្យ ក្នុងពេលដំណាលគ្នាតែប៉ុណ្ណោះ ហើយមិនជាប់ពាក់ព័ន្ធបន្តិចណាទាល់តែសោះទៅនឹងករណីខាងលើនេះ។ ខ្ញុំពិតជាសោកស្តាយ ដែលមានអត្ថាធិប្បាយជាច្រើនពីមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស បានចាត់តុកការបិទព្រឹត្តិបត្រ ឌឹខេមបូឌា ដេលី ភ្ជាប់ទៅនឹងរឿងនយោបាយ ហើយបានចោទរាជរដ្ឋាភិបាលថា ព្យាយាមបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា»។

បើទោះបីមានការសុំកិច្ចអន្តរាគមន៍យ៉ាងនេះក្តី តែរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានពន្ធដារ មិនមានបានរារែកនោះឡើយក្នុងការឲ្យម្ចាស់កាសែត ដែលតែងតែរិះគន់ និងវាយប្រហាររាជរដ្ឋាភិបាលមួយនេះ ទូទាត់ និងសងបំណុលពន្ធដែលបានជំពាក់នោះ។ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា «ម្ចាស់កាសែតមួយនេះត្រូវតែទូទាត់ថ្លៃពន្ធដែលបានជំពាក់ពន្ធរដ្ឋ មិនអាចលិខិតមួយសន្លឹកនេះរួចខ្លួននោះទេ ព្រោះនេះជារឿងផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះ»។

មន្រ្តីកំពូលនៃអគ្គនាយកដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធ ដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិ របស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធរបស់កម្ពុជា, រាជរដ្ឋាភិបាលនៅតែមានជំហរមិនទទួលការសុំទោសរបស់ម្ចាស់កាសែត Cambodia Daily និងទាមទារបង់ពន្ធទៅតាមច្បាប់»។ 

កាសែត The Cambodia Daily បានជំពាក់ពន្ធរាជរដ្ឋាភិបាលកម្ពុជាលើដំណើការរបស់ខ្លួនប្រមាណជា ៦លានដុល្លារអាមេរិក។ កាសែតនេះ បានប្រកាសបិទការចេញផ្សាយរបស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ បន្ទាប់ពីបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា៕ (លិខិតម្ចាស់កាសែត Cambodia Daily ផ្ញើជូនសម្តេចតេជោ)