(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលបន្ទុកឃុំជ្រលង ឃុំបល្ល័ង្ក ឃុំចើងដើង ឃុំក្រវ៉ា និងឃុំបាក់ស្នា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំមួយចំនួន ស្ថិតនៅស្រុកបារាយណ៍។

ការជួបសំណេះសំណាលនេះ មានការចូលរួមពីលោកស្រី ម៉ក់ វណ្ណស៊ីថា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំ គណៈសាខាបក្សភូមិ និងប្រធាន-អនុប្រធានក្រុមបក្ស នៅឃុំចើងដើង នាពេលព្រឹក និងនៅឃុំបល្ល័ង្ក នាពេលរសៀល។

លោក ជា បូរ៉ា បានលើកឡើងពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល ពិសេសការយកចិត្តទុកដាក់ពីអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ការយកចិត្តទុកដាក់លើផ្នែកសេវាសុខភាព ក៏ដូចជាការសម្របសម្រួលដល់ការធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញរបស់កម្មករជាដើម។

លោកបានគូសបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកការរីកចម្រើនឥតឈប់ឈរមានការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសុខសន្តិភាពបរិបូរណ៍ពេញផ្ទៃប្រទេស ដូចនេះក្នុងនាមជាសមាជិកបក្ស យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តថែរក្សាតម្លៃនៃសុខសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនប្រសើរឡើងថែមទៀត និងដើម្បីរក្សាបានប្រៀបខ្លាំង ប្រៀបឈ្នះ ទទួលបានជោគជ័យកាន់តែធំធេង ឆ្ពោះទៅកាន់ការបោះឆ្នោតសកល ឆ្នាំ២០១៨ នាពេលខាងមុខ។

លោកបានជំរុញក្រុមការងារ និងគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិយកចិត្តទុកដាក់ធ្វើ បច្ចុប្បន្នភាពសមាជិកបក្សឱ្យបានច្បាស់លាស់ និងពិតប្រាកដ ដើម្បីធានាបានសមាជិកបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រមួយសន្លឹក និងបន្តពង្រឹងអង្គការចាត់តាំងគណបក្សឱ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ព្រមទាំងពង្រីកសមាជិកបក្សថ្មី៕