(ភ្នំពេញ)៖ ក្រុមអ្នកសិល្បៈផ្នែកបុរាណ និងមានវ័យចំណាស់មួយក្រុម បានរួមគ្នាសម្តែងល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» ហើយដាក់បញ្ចាំងចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលមហោស្រពចតុមុខ។ ក្រុមអ្នកសិល្បៈបុរាណមួយក្រុមនេះ បានថ្លែងថា ការរួមគ្នាសម្តែងល្ខោនបុរាណនេះឡើង បន្ទាប់ពីពួកគាត់បានមើលឃើញថាសន្ទុះនៃការគាំទ្រលើល្ខោនបុរាណរបស់ខ្មែរ កំពុងមានការថមថយជាខ្លាំងពីសំណាក់យុវវ័យរបស់ខ្មែរ។

ថ្លែងក្នុងពិធីបើកសម្ពោធការចាក់បញ្ចាំងល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» ដែលធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាលមហោស្រពចតុមុខនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ តំណាងសិល្បៈបុរាណខ្មែរ បានថ្លែងថា ផ្ទាំងទស្សនីយភាពល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» នេះ កើតឡើងដោយកម្លាំងសាមគ្គីនៃមរតកមនុស្សរស់ ដែលជាសារ ប្រយោជន៍ដ៏សំខាន់សម្រាប់កូនខ្មែរជាយុវសិល្បករជំនាន់ក្រោយ និងជាអ្នកបន្តវេនអភិរក្សមរតកវប្បធម៌ដូនតាដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។

ក្រុមតំណាងសិល្បៈ បានបញ្ជាក់ទៀតថា តាមរយៈល្ខោនបុរាណ «មហាវេស្សន្តជាតក»នេះ គឺអាចទុកជាគតិដល់យុវជនជំនាន់ក្រោយឲ្យ មានការគិតពិចារណាឲ្យបានល្អិតបំផុត មុននឹងធ្វើការអភិវឌ្ឍបង្កើតនិម្មិតកម្មថ្មីសូមកុំភ្លេចពីប្រភពដើមកំណើតនៃមូលដ្ឋានគ្រឹះ ទើបមិនបាត់បង់អត្តសញ្ញាណជាតិដូចពាក្យថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។

ក្រុមអ្នកសិល្បៈបុរាណបានបង្ហាញថា ការដែលពួកគាត់រួមគ្នាសម្តែងល្ខោនបុរាណនេះ ក៏ព្រោះតែគាត់ខ្លាចបាត់សិល្បៈទាំងអស់នេះ ព្រោះតែមានការហូរចូលយ៉ាងខ្លាំងនូវវប្បធម៌របស់បរទេស។ ពួកគាត់បញ្ជាក់យ៉ាងដូច្នេះ «ការបារម្ភរបស់យើងខ្ញុំនូវលំហូរចូលនៃវប្បធម៌បរទេស អាចទាក់ទាញទឹកចិត្តយុវវ័យឲ្យភ្លេចកេរដំណែលខ្មែរ ភ្លេចក្បួនខ្នាត ទំនៀមទម្លាប់ ប្រពៃណី ភ្លេចតម្លៃមរតកដែលយើងមានតាំងពីដូនតា ហើយទៅស្រវាយកវប្បធម៌គេមករក្សាប្រតិបត្តិ នឹងបាត់បង់វប្បធម៌ ព្រលឹងជាតិ ស្មើនឹងបំផ្លាញដំណែលដូនតាដោយមិនដឹងខ្លួន»។

ក្រុមអ្នកសិល្បៈបុរាណទាំងអស់នេះ ក៏បានអំពាវនាវដល់យុវជនខ្មែរទាំងអស់ ឲ្យទៅចូលរួមទស្សនាការសម្តែងរបស់ពួកគាត់នៅសាលមហោស្រពចតុមុខ ដែលនឹងមានការសម្តែងចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ស្អែក ដើម្បីរួមគ្នាលើកកម្ពស់សិល្បៈបុរាណខ្មែរ ដែលជាដួងព្រលឹងរបស់ជាតិ៕