Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០៩លានរៀល ជូលសិល្បករ សិល្បការិនីសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក»

09-09-2017 19:30

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់សិល្បករ សិល្បការិនីសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក» ១០៩នាក់ ម្នាក់ៗ ១លានរៀល សរុប ១០៩លានរៀលស្មើនឹងប្រមាណ ២៧,២៥០ដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកាដែលឧបត្ថម្ភនេះ មិនមែនត្រឹមតែជាប្រាក់រង្វាន់សម្រាប់លើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនីភាគច្រើនសុទ្ធតែជាសិល្បករ សិល្បការិនីជើងចាស់ផ្នែកល្ខោនបុរាណនោះទេ តែក៏សម្រាប់ពួកគាត់យកទៅប្រើប្រាស់ក្នុងរដូវ បុណ្យភ្ជំបិណ្ឌផងដែរ។

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិល្បករ សិល្បការិនី បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាល្ខោនបុរាណរឿង «មហាវេស្សន្តជាតក» នៅសាលមហោស្រពចតុមុខនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

បន្ទាប់ពីអង្គុយទស្សនាការសម្តែងល្ខោនបុរាណ «មហាវេស្សន្តជាតក» អស់រយៈពេលជាង ១ម៉ោង សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំរបស់សិល្បករ សិល្បការិនីជើងចាស់ផ្នែកបុរាណទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា គាស់រំលើងផ្ទាំងទស្សនីយភាព សិល្បៈបុរាណរបស់ខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរំពឹងទុក្ខថា ស្មារតីរួបរួមគ្នានឹងបន្តកើតមានជារៀងរហូតសម្រាប់សិល្បករ សិល្បការិនីខ្មែរ ដើម្បី រក្សានូវសិល្បៈ វប្បធម៌ ដែលជាកេរមរតកដូនតាខ្មែរ៕