អគ្គនាយកកាស៊ីណូហ្វជូណា ខេត្តព្រះសីហនុ ត្រូវអាវុធហត្ថចាប់ខ្លួនតាមដីការបស់តុលាការ ពាក់ព័ន្ធករណីឆបោក ប្រាក់២៥ម៉ឺនដុល្លារ
09-09-2017 17:43
(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសជនជាតិកូរ៉េម្នាក់ ជាអគ្គនាយកកាស៊ីណូហ្វជូណា ដែលពាក់ព័ន្ធករណី ឆបោកប្រាក់ចំនួន២៥ម៉ឺនដុល្លារ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងភោជនីយដ្ឋានកូរ៉េមួយកន្លែង ជិតអូតែល៧ជាន់ ក្រុងព្រះសីហនុ។
មន្ដ្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនជាតិកូរ៉េដែលកម្លាំងជំនាញចាប់ខ្លួននេះ ឈ្មោះ លី ចាំងស៊ុក អាយុ៥៦ឆ្នាំ មុខរបរអគ្គនាយកកាស៊ីណូ ហ្វជីណា។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបញ្ជាក់ថា ការចាប់ខ្លួននេះក្រោមបទចោទប្រកាន់ រំលោភទំនុកចិត្ត និងក្លែងបន្លំ ប្រព្រឹត្តទៅសណ្ឋាគារ និងកាស៊ីណូហ្វជូណា នៅផ្លូវលេខ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់អំឡុវឆ្នាំ២០១៧។
ក្រោយចាប់ខ្លួនបុរសជនជាតិកូរ៉េរូបនេះ ត្រូវបានបញ្ជូនទៅតុលាការភ្លាមៗ ដើម្បីចាត់ការបន្ដតាមច្បាប់៕