(ភ្នំពេញ)៖ កម្លាំងនគរបាល ក៩ នៃមន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ​ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជាង៨គីឡូក្រាម។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលចុះយកព័ត៌មាន ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងតាំងពីចំណុចផ្សារដីហុយ មកម្ដុំពេទ្យកាល់ម៉ែត ឆ្ពោះទៅសង្កាត់ដង្កោ ខណ្ឌដង្កោ និងបន្ដទៅទីតាំងផ្សេងទៀត នៅក្នុងខណ្ឌមានជ័យ។

លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធិ នាយការិយាល័យ ក៩ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមថា ប្រតិបត្តិជំហានដំបូងនេះ ដកហូតបានថ្នាំញៀនជាង៨គីឡូក្រាម ហើយពេលនេះកម្លាំងនគរបាលជំនាញ កំពុងបន្ដប្រតិបត្តិការបន្ដទៀតផងដែរ។

លោកបានបន្តទៀតថា សម្រាប់ប្រតិបត្តិការតាមចាប់ជនសង្ស័យទាំងនេះ កម្លាំងរបស់លោក បានស្រាវជ្រាវរយ:ជាង៣ ខែមកហើយ។

នាយការិយាល័យរូបនេះ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង, លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោក ពៅ សំអេង នាយករងមន្ទីរ និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ។

នៅពេលនេះ ជនសង្ស័យទាំង៣ នាក់ស្ថិតក្រោមការសួរនាំបន្តពីសមត្ថកិច្ច ដើម្បីចាត់ការបន្តទៀត។