(កំពង់ធំ)៖ ដោយសារភាពរីកចម្រើន នៃបណ្តាយទំនាក់ទំនងសង្គមនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង​គួរឲ្យកត់សម្គាល់ តាមរយៈការទទួលបាន និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស មានសិទ្ធិ បញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍ ភូមិ-ឃុំរបស់ខ្លួន ក្នុងការភ្ជាប់ទំនាក់ទំនង ជា​មួយប្រជាពលរដ្ឋ ឲ្យមានភាពស្និតស្នាល ជាមួយអាជ្ញាធរឲ្យមានភាពប្រសើរឡើងផងនោះ។

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧​រដ្ឋបាលខេត្តកំពង់ធំ ​រៀបចំកម្មវិធីជួបជុំតំណាងអ្នកប្រើ​ប្រាស់ ប​ណ្តាញសង្គម Facebook ប្រចាំខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព, លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ, លោក ប៉ាន់ខែម ប៊ុនថាន ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព។

លោក ហួន វ៉ាន់និត លើកឡើងថា ការប្រើ​ប្រាស់បណ្តាញសង្គម ពិតជាមានសារសំខាន់ណាស់ ដោយប្រជាពលរដ្ឋនៅទូទាំងសកលលោក ក៏ដូចជា ប្រទេសកម្ពុជា កំពុងតែមានសន្ទុះក្នុងការបញ្ជូន និងទទួលព័ត៌មានតាមបណ្តាញសង្គម Facebook ហើយលោកសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់បណ្តាញសង្គម ប្រកបដោយទំនួលខុសត្រូវ និងមានក្រមសីលធម៌ខ្ពស់។

លោក ប៉ាន់ខែម ប៊ុនថាន បញ្ជាក់ថា ​បងប្អូនដែលចូលរួមប្រមាណជាង២០០​នាក់ គឺជាតំណាងរបស់អ្នក​ប្រើប្រាស់បណ្តាញសង្គម Facebook ត្រូវជួយផ្សព្វផ្សាយពីសារៈប្រយោជន៍ របៀបនៃការប្រើប្រាស់ ប្រកប​ដោយទំនួលខុសត្រូវ ជួយទប់ស្កាត់ការវាយប្រហារណាដែល មិនមែនជាការពិត ក្នុងគោបំណងញុះញង់ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា​។

ជាមួយគ្នានោះ លោក ជុំ កុសល បានលើកឡើងថា ​​យុវជនសម័យជំនាន់ថ្មីនេះ ត្រូវមានការស្វែងយល់ និងសិក្សាឲ្យបានស៊ីជម្រៅ លើវិស័យបច្ចេកវិទ្យា ជាពិសេស​របៀបប្រើប្រាស់បណ្តាញសង្គម Facebook មួយវិញទៀតការ Post Like Share Comment គឺត្រូវមានក្រមសីលធម៌ ចេះស្វែងយល់ពីមូលហេតុ នៃសាច់រឿង កុំឲ្យដូចបុគ្គលមួយចំនួនចេះត្រឹម តែញុះញង់មិនយល់ពីបញ្ហានៃរឿង និងច្បាប់ ឬអាចហៅថា បុគ្គលតែៗ​ស្ករៗ​។

ម្យ៉ាងវិញទៀត ព័ត៌មានតាម Facebook មានលក្ខណៈលឿន និងឆាប់រហ័សជាងការផ្សាយ លើកញ្ចក់ទូរទស្សន៍ ដោយអ្នកលេង Facebook ភាគច្រើនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន លើសពីនេះទៅទៀតការចាប់អារម្មណ៍របស់​មនុស្សគ្រប់គ្នា ទាំងបុគ្គលជាប្រជាពលរដ្ឋក្តី មន្រ្តីរាជការក្តី មានការចាប់អារម្មណ៍លើព័ត៌មានលើបណ្តាញ​សង្គម ហេតុដូច្នេះ​ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងស្របតាមច្បាប់ ចៀសវាងមានការរំលោភលើច្បាប់ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងកិត្តិយសអ្នកដ៏ទៃ ហើយត្រូវចងចាំថា Facebook ជាអាវុធមុខពីរ បើ​ប្រើប្រាស់ត្រូវវាផ្តល់នូវផលប្រយោជន៍ តែខុសវិញ វាអាចធ្វើឲ្យ​ខាតបង់ទ្រព្យសម្បតិ្ត និងកិត្តិយសផងដែរ៕