(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ឲ្យបាននូវបញ្ហាបទល្មើស ពិសេសបទល្មើសពលរដ្ឋឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
ការអំពាវរបស់អភិបាលខេត្តព្រះវិហារ ក្នុងឱកាសលោក រួមជាមួយ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត អញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ១ថ្មធំ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការចូលរួមទប់ស្កាត់បទល្មើស គឺត្រូវចូលរួមទាំងអស់គ្នា ទាំងផ្នែកជំនាញ ទាំងផ្នែកស៊ីវិល និងផ្នែកកងទ័ព ដែលឈរជើងតាមព្រំដែន ហើយយើងតែងតែមានឃើញព័ត៌មានច្រើនណាស់ ដែលបានវាយប្រហារ ពីករណីបទល្មើសឆ្លងដែនខុសច្បាប់ ដូច្នេះត្រូវតែខិតខំបន្សាបព័ត៌មានទាំងនេះ និងបង្ក្រាបឲ្យបាននូវបទល្មើសទាំងឡាយ ហើយភូមិឈើទៀលគង ត្រូវបានដាក់ចូលជាភូមិ បង្ក្រាបបទល្មើសគ្រឿងញៀន ហើយអ្នកដែលអូសឈើគ្រញូងក្នុងដីថៃ ភាគច្រើនជាអ្នកញៀនថ្នាំ។
លោកអភិបាលខេត្ត បានបន្តថា នៅក្នុងកិច្ចប្រជុំរវាងខេត្តជាប់ព្រំដែន ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ហើយសម្តេចបានបញ្ជាក់ ពីករណីបាញ់ពលករខ្មែរម្នាក់ឲ្យរបួស ហើយលោកបានរាយការណ៍ទៅសម្តេចថាទៅគ្នា៧-៨នាក់ អ្នកដែលបាញ់នៅកងអនុសេនាធំ២៣.៤ទាហានថៃ បាញ់រត់រប៉ាត់រប៉ាយរត់មកដល់ដីខ្មែរវិញ ដោយឡែកអ្នករបួសបានយកទៅព្យាបាលនៅមន្ទីរពេទ្យ។ នៅក្នុងកិច្ចប្រជុំសម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់បញ្ហា និងទៅលោក ប្រាយុទ្ធ ចាន់អូចា ហើយប្រាយុទ្ធ ចាន់អូចា ថាគាត់នឹងផ្សព្វផ្សាយទៅកងកម្លាំងរបស់គាត់កុំឲ្យបាញ់បោះ។
អភិបាលខេត្តបញ្ជាក់ថា ការខិតខំប្រឹងប្រែង និងកាលះបង់របស់កងកម្លាំងកាយចិត្តរបស់យើង ត្រូវបានគាំពារយកចិត្តទុកដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលនិងគណៈបញ្ជាការឯកភាពខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ការផ្គត់ផ្គង់ការហូបចុកបន្ថែម ពីលើប្រាក់គោលរបប ដែលសម្តេចបានបន្ថែម គឺយើងបានគ្រប់គ្រាន់បើប្រៀបធៀបនិងពេលមុនមិនបានចឹងទេ។
លោកក៏បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ ក្រៅពីភារកិច្ចការពារបូរណភាពទឹកដី គឺត្រូវចូលរួមជាមួយអាជ្ញាធរដែនដី, គណៈបញ្ជាការឯកភាពខេត្ត គឺចូលរួមទប់ស្កាត់នូវបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្ដល់អំណោយថវិកា៧លានរៀល, ទឹកក្រូច២០កេស, មី២០កេស, នំអន្សម២០០, ទឹកសុទ្ធ៤០០យួរ, បន្លែគ្រប់មុខ៥០០គីឡូក្រាម, អង្ករ និងសម្ភារៈមួយចំនួនទៀត៕