(ភ្នំពេញ)៖ ក្រុមហ៊ុន BookMeBus បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទិញសំបុត្ររថយន្ដក្រុងតាមរយៈការទិញពីក្រុមហ៊ុន​ទ្រូម៉ានី ដោយមិនចាំបាច់ទៅទិញផ្ទាល់ពីស្ថានីយ៍នោះឡើយ។

បច្ចុប្បន្នការទិញសំបុត្ររថយន្ដក្រុងនៅមានរូបភាពជាលក្ខណៈប្រពៃណីនៅឡើយ គឺទិញនៅតាមស្ថានីយ៍ផ្ទាល់តែម្តងហើយការទិញតាមប្រព័ន្ឋអេឡិចត្រូនិចក៏នៅមានកំនត់នៅឡើយ សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ហេតុដូចនេះហើយ បានជាក្រុមហ៊ុនទ្រូម៉ាន់នី និងក្រុមហ៊ុន BookMeBus បានចាប់ដៃគ្នាបង្កើតនូវសេវាកម្មទិញសំបុត្រឡានក្រុង តាមភ្នាក់ងារទ្រូម៉ាន់នី។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ លោក គង់ មាន អគ្គនាយកក្រុម​ហ៊ុនទ្រូម៉ាន់នី បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានសហការគ្នាក្នុងគោលបំណងរួមគឺផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរយើងក្នុងការទិញសំបុត្រឡានក្រុង ដោយពុំបាច់ចំណាយពេលទៅទិញសំបុត្រ​នៅស្ថានីយ៍ឡានក្រុងនីមួយៗនោះទេ ហើយក៏មិនចាំបាច់ទៅរង់ចាំយកសំបុត្រ មុនពេលចេញដំណើរបន្ទាប់ពីកក់សំបុត្រតាមទូរស័ព្ទនោះដែរ។

លោកបានបន្ដទៀតថា ដើម្បីទិញសំបុត្ររថយន្ដក្រុងតាមក្រុមហ៊ុនទ្រូម៉ាន់នី គឺគ្រាន់តែអតិថិជនទាំងអស់​គ្រាន់តែទៅរកភ្នាក់ងារទ្រូម៉ាន់នីដែលនៅជិតគាត់បំផុត ហើយជ្រើសរើស ក្រុមហ៊ុនឡានក្រុងប្រាប់ទិសដៅដែលត្រូវចេញនិងធ្វើដំណើរទៅ ថ្ងៃនិងម៉ោងចេញដំណើរ ប្រាប់លេខទូរស័ព្ទរួចជ្រើសរើសចំនួននិងលេខកៅអីជាការស្រេច។ បន្ទាប់មកអតិថិជនគ្រាន់តែបង្ហាញសំបុត្រដែលបានទិញពីភ្នាក់ងារទ្រូម៉ាន់នី ឬសារក្នុងទូរស័ព្ទដៃដល់បុគ្គលិកឡានក្រុង នោះគាត់អាចធ្វើដំណើរបានហើយ។

ដើម្បីជាកាដូរសម្រាប់អតិថិជនដែលទិញសំបុត្រឡានក្រុងតាមភ្នាក់ងារទ្រូម៉ាន់នីក្រុមហ៊ុនបានផ្ដល់ជូន​នូវ​កមម្មវិធីពេសេសដែលអតិថិជនទាំងអស់អាចមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ  iPhone ម៉ូដែលចុងក្រោយ  iPaid  mini 4 និងរង្វាន់ដ៏ទៃទៀត ចាប់តាំងពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ការចាប់រង្វាន់នឹងប្រព្រឹត្តទៅ២លើកគឺលើកទី១ នៅដើមខែវិច្ឆិកា ឆ្នាំ ២០១៧  និង លើកទី២នៅដើមខែមករា ឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ លោក ជា ឡង់ដា នាយកប្រតិបត្តិក្រុមហ៊ុន BookMeBus ក៏បានប្រាប់ឲ្យដឹងថា BookMeBus នឹងធ្វើឲ្យការទិញសំបុត្ររថយន្តធ្វើដំណើរកាន់តែងាយស្រួលថែមទៀតដល់អតិថិជន តាមបណ្តាញភ្នាក់ងាររបស់ TrueMoney ដែលមាននៅទូទាំងប្រទេស។

លោកក៏បន្ថែមទៀតទៀតថា យើងក៏នឹងអាចធ្វើសមាហរណកម្មប្រព័ន្ធផ្ទេរលុយដ៏ទំនើបចូលជាមួយ នឹងប្រព័ន្ធទិញសំបុត្ររថយន្តរបស់ BookMeBus៕