(ភ្នំពេញ)៖ ខ្មែរយើងថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ខ្ញុំសង្កេតឃើញស្ថានភាពនេះបានកើតឡើងហើយ នៅក្នុងគណបក្សសង្គ្រោះជាតិរបស់ខ្ញុំ។ លោកប្រធាន សម រង្ស៊ី បានលះបង់ដោយស៊ូលាលែង ដើម្បីបើកផ្លូវឲ្យគណបក្សបានរស់បន្ត នោះគឺជាពេលដែលទឹកឡើងខ្លាំងសម្រាប់ត្រីលោកប្រធាន កឹម សុខា។ ក្រៅពីអាចក្លាយជាប្រធានគណបក្សពេញមុខជំនួសលោកប្រធាន ក៏ជាពេលដែល សួន រីដា កូនស្រី លោកប្រធាន កឹម សុខា និងបក្សពួកតាមខេត្តរីកមុខដូច គ្រាប់ជី ដោយ រុញបេក្ខជនដែលជាបក្សពួករបស់ខ្លួនគ្រប់កន្លែងចូលលេខរៀងល្អៗក្នុងបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់។
ដោយឡែកបេក្ខជនខ្លាំងៗមកពីអតីតបក្ស សម រង្ស៊ី ត្រូវគេយកទៅដាក់នៅចុងបញ្ជី ធ្វើឲ្យកើតមានការបាក់ទឹកចិត្តនិងក្តីមិនពេញចិត្ត។ ទីបំផុតលទ្ធផលការបោះឆ្នោតឃុំសង្កាត់ ធ្លាក់សម្លេងជាង២០១៣ច្រើន បើជាលោក សម រង្ស៊ី វិញក៏លទ្ធផលមិនធ្លាក់ដូច្នេះដែរ។
មកដល់ថ្ងៃនេះទឹកស្រកវិញហើយ។ ស្រករហូតនាំឲ្យត្រីលោក កឹម សុខា សល់ដង្ហើមតិចតួចសម្រាប់ដក។ អនាគតបក្សត្រូវហិនហោចព្រោះតែអំនួត។ ព្រោះការអួតមុខកាមេរ៉ាខុសរឿងរបស់ កឹម សុខា នាំឲ្យលោកជាប់គុក។ របៀបធ្វើនយោបាយរបស់លោកកឹម សុខា គឺខុសពីលោកប្រធាន សម រង្ស៊ីនៅចំណុចនេះ។ ប្រធានគាត់ទន់ភ្លន់ ខាងក្រៅ ស្ងប់ស្ងាត់ តែរឹងមាំ ចុះខុសអីតែលោក កឹម សុខា ដែលយករឿងសម្ងាត់ប្រកាសដាក់មេក្រូ ដាក់កាមេរ៉ាយ៉ាងដូច្នេះ។ ទាំងនេះគ្រាន់តែអួតបងប្អូននៅអូស្ត្រាលីថា គាត់មាននរណានៅពីក្រោយ។ ខ្ញុំគិតមិនយល់ថាចាំបាច់អួតធ្វើអ្វី ? ធ្វើឲ្យឈ្នះសិនទៅចាំប្រកាសតើវាខុសអី? ឬក៏គាត់ខ្លាចគេមិនឲ្យក្រេឌីត?
គិតៗទៅគួរអាណិតដែរ ពេលលោកធ្វើការជាមួយអាម៉េរិក ក៏ត្រូវទូរទស្សន៍ CBN របស់អូស្ត្រាលី ថតនិងផ្សាយអ្វីដែលគាត់និយាយ ពេលធ្វើការជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្បត់លោក ប្រធាន សមរង្ស៊ី ក៏ត្រូវគេទម្លាយ។ តែទុករឿងនេះមួយឡែកសិនចុះ ព្រោះឥឡូវអាសន្នមកដល់ហើយ។ ពេលលោកកឹម សុខា ជាប់គុក ធ្វើឲ្យស្មារតីគ្នាយើងជាពិសេសបក្សពួកកឹមសុខា ភិតភ័យបាត់ម្ចាស់ការអស់ហើយ។ មនុស្សដូច អេង ឆៃអ៊ាង លែងហ៊ានចូលស្រុកតែម្តង ឯលោកតា ប៉ុល ហំម រារែកធ្វើពុធជាឈឺយ៉ាងយូរ ដូច្នេះតើបាននរណាចាត់ចែងការងារបក្សយើង? នៅស្ងៀមចាំស្លាប់? គ្រានេះសំណាងដែលបក្សនៅមានបង យឹម សុវណ្ណ និងបងស្រីមូរ សុខហ៊ួ គ្រាន់ឆ្លងឆ្លើយជាមួយគេខ្លះ។
ក្នុងស្ថានភាពបែបនេះ តើយើងគួរធ្វើអ្វីដើម្បីសង្គ្រោះបក្សយើងបាន ? ជម្រើសយើងមានច្រើនតែជម្រើសខ្លះគឺគ្រោះថ្នាក់បំផុត ឯខ្លះទៀតផ្តល់ផលប្រយោជន៍យូរអង្វែង៖
១៖ ជម្រើសមហាបាតុកម្មក្នុងស្រុក។ មានក្រុមក្មេងៗស្ទើភ្លើង របស់យើងមួយចំនួនចង់សាកជម្រើសនេះ តែនេះជាជម្រើសដ៏គ្រោះថ្នាក់បំផុត។ គេកំពុងចោទយើងថា ចង់ធ្វើបដិវត្តពណ៌ បើធ្វើតើនរណាហ៊ានចេញមុខ? មហាបាតុកម្មមិនអាចកើតឡើងដោយស្ងៀមៗនោះទេ ត្រូវការរៀបចំដឹកជញ្ជូន ប្រមូលផ្តុំ។ នរណាអ្នកធ្វើ? យកថវិការណាមកចំណាយ? គេហ៊ានចាប់មេយើងដាក់គុក រឿងអីរកផ្លូវចាប់អ្នកដឹកនាំ និងអ្នកធ្វើបាតុកម្មមិនបាន? ជឿអីពួកស្រែកពីក្រៅប្រទេស គេហៅថាព្យុះក្នុងក្អម ព្រោះពួកនោះមិនដែលហ៊ានមកស្រុកខ្មែរទេ។
មានអ្នកថា ចុះខ្លាចអ្វីបើកម្លាំងអ្នកបោះឆ្នោតឲ្យយើង ជិតពាក់កណ្តាលប្រទេសទៅហើយ។ អ្នកនិយាយដូច្នេះមិនដែលបានប្រឡូកក្នុងចលនាបាតុកម្មឡើយ។ សួរថាអ្នកដែលបោះឆ្នោតឲ្យយើងតើគេស្រលាញ់លោក កឹម សុខា ឬក៏គេបោះព្រោះស្អប់បក្សកាន់អំណាច។ ទាំងពីរនេះខុសគ្នាដាច់ស្រឡះ។ ក្នុងក្រឡាអុកអ្នកគាំទ្រ ទាំងនោះដូចជា ត្រីមិនទាន់បកនៅទល់មុខគ្នាដូច្នោះ។
បើប្រើត្រូវ គឺបានត្រឹមតែការពារមិឲ្យគេវាយលុកចូលប៉ុណ្ណោះ តែធាតុពិតយកមកប្រើវាយលុកមិនបានឡើយ។ កាន់តែជំរុញយកប្រជាជនមកប្រើ កាន់តែឲ្យយើងបាត់ សក្តានុពលព្រោះថា៖ គេអួត៧មករាចេញមុខសង្គ្រោះប្រជាជន តែយើងសង្គ្រោះជាតិបែរជាយកប្រជាជនមកជាខែលការពារទៅវិញ។ ជួនមានរបួសស្លាប់តើរែកពុនរួចទេ?
២៖ ជម្រើសចាំសហគមន៍អន្តជាតិមកជួយ! ពីមុនខ្ញុំក៏ធ្លាប់ជឿដែរថា អាមេរិកាំង សហគមន៍អឺរុប បារាំង អង់គ្លេស អូស្រ្តាលី កាណាដា អាចដាក់គំនាបទាំងនយោបាយ សេដ្ឋកិច្ច ហើយបើចាំបាច់ គឺយោធាមករដ្ឋាភិបាលខ្មែរ។ តែឥឡូវនរណាជឿទៀតគឺភ្លើសុទ្ធ! មូលហេតុ៖
* បរាជ័យនៃសង្គ្រាមវៀតណាម ជាមេរៀនចុកចាប់ណាស់។ អាមេរិក ឈប់ធ្វើសង្គ្រាមដើម្បីមនោគមវិជ្ជាទៀតហើយ តែធ្វើដើម្បីប្រយោជន៍ប៉ុណ្ណោះ។ កន្លែងណាមានប្រយោជន៍ពិតទើបគេទៅដូចជា អ៉ីរ៉ាក លីបី ស៊ីរី។ តែកន្លែងដែលមិនសូវមានប្រយោជន៍ គេមិនទៅទេ ដូចជា អ៊ុយក្រែន ដែលត្រូវរុស្ស៊ីឈ្លានពានកាត់យកខេត្តគ្រីម៉េមួយទៅបាត់ និងដែលរុស្ស៊ីកំពុងលូកដៃបង្កអស្ថេរភាពនៅខេត្តប៉ែកខាងកើត អ៊ុយក្រែន បែរជាគ្មានអាមេរិក ឬលោកខាលិចណាចេញមុខធ្វើអន្តរាគមយោធាឡើយ។អាមេរិកមិនអាចធានាធ្វើជានគរបាលពិភពលោកដូចដែលយើង ធ្លាប់គិតនិងជឿឡើយ។
* បញ្ហាជម្លោះតានតឹងនៅឧបទ្វីបកូរ៉េ ធ្វើឲ្យអាមេរិក និងសម្ព័នមិត្តរវល់ណាស់ទៅហើយ។ លោកខាងលិចត្រូវការឥទ្ធិពលនយោបាយ ក្នុងតំបន់ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ព្រោះប្រតិបត្តការណ៍យោធាមិនអាចជាជម្រើសទៀតទេ ក្នុងករណីដែលកូរ៉េខាងជើងមានអាវុធបរមាណូ និងគ្រាប់បែកអ៊ីដ្រូហ្សែន។ ការវាយប្រហារឬដាក់ទណ្ឌកម្មខ្លាំងដល់កម្ពុជា ក៏នឹងប៉ះពាល់ដល់ចិន ព្រោះចិនបានបញ្ចេញការប្តេជ្ញាចិត្តគាំទ្រកម្ពុជាជាចំហរហើយ។
* មុនគិតថា គេលូកដៃជួយកម្ពុជាក៏ត្រូវមើលដែរថា តើមេដឹកនាំប្រឆាំងប៉ុន្មាននាក់នៅអាស៊ីអាគ្នេយ៍យើង ដែលជាប់គុក ឬរត់ចោលស្រុករហូតដល់ថ្ងៃនេះ ដោយសហគមអន្តរជាតិមិនអាចធ្វើអ្វីបាន? គ្រាន់តែរាប់ត្រួសៗ មាននៅថៃ ដេញចាប់យ៉ីងឡាក់ ដាក់គុក ហើយ ថាក់ ស៊ីន និរទេស នៅម៉ាឡេស៊ី មេបក្សប្រឆាំងក៏ត្រូវគេដាក់គុកដែរ។
* មួយវិញទៀតសូមអានសេចក្តីថ្លែងការណ៍ របស់សហគមន៍អន្តរជាតិលោកខាងលិចមកវិញ សារទាំងនោះគេប្រើពាក្យការទូត ដែលយើងត្រូវយល់ និងស្គាល់ពីកំរិត ពាក្យរបស់គេ។ កំរិតធ្ងន់ធ្ងរគឺគេហៅទូតយើងទៅព្រមាន និងដកទំនាក់ទំនងការទូត តែនេះអត់មាននរណាធ្វ៊ ដូច្នេះជាមួយកម្ពុជាទេ។ កំរិតបន្ទាប់គឺទំលាក់ទំនាក់ទំនង ការទូតមកត្រឹមភារធារី ក៏អត់មានប្រទេសខាងលិចណាធ្វើដែរ។ កំរិតបន្ទាប់ គឺការថ្កោលទោសកម្ពុជា និងទាមទារការដោះលែងដោយគ្មានលក្ខខណ្ឌក៏គ្មានប្រទេស ណាមួយដែរ មានតែអង្គការមួយចំនួន និងសកម្មជនយើងពីក្រៅបន្តិចបន្តួច ដែលមិនអាចផ្តល់ជំនឿជាក់ខ្លាំងឡើយ។
ក្នុងករណីចាប់លោកប្រធានកឹមសុខា សេចក្តីថ្លែងការណ៍របស់សហគមលោកខាងលិចលើកម្ពុជាមានត្រឹមតែ កំរិ ខ្សោយដែលសម្តែងតែពីការព្រួយបារម្ភចំពោះ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលមិនភ្ជាប់ដោយការគាបសង្កត់ផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌនយោបាយការទូតណាមួយឡើយ។ ជារួមបានតែស្រែក តែមិនចូលជួយ នេះហើយដែលធ្វើឲ្យបក្សយើងពិបាក ព្រោះខ្វះសញ្ញាគួរឲ្យជឿជាក់។
សរុបមកសហគមន៍អន្តរជាតិ គឺពិបាកពឹងបាន គ្រាដែលរុស្ស៊ី ឥណ្ឌា សហគមអាស៊ាន និងប្រទេសក្នុងតំបន់មួយចំនួនប្រកាន់ជំហរ អព្យាក្រឹតនិងមិនលូកដៃចូលកិច្ចការ ផ្ទៃក្នុងកម្ពុជាទេ។ កាន់តែពិបាកគឺចិនប្រកាសគាំទ្ររដ្ឋាភិបាល ហ៊ុន សែន ពេញមុខតែម្តង។ នៅពេលនេះសហគមន៍លោកខាងលិចមានតែ bla bla ទេ។ ឯកូនស្រី លោកប្រធាន កឹម សុខា វិញ ខំរកបរទេសកាន់តែខ្លាំង កាន់តែត្រូវពួកបក្សកាន់អំណាចចោទថា ធ្វើឲ្យបាត់អធិបតេយ្យជាតិ ឈ្លោះគ្នាផ្ទៃក្នុងរត់រកបរទេសជួយ។ ពួកនឹង ចាំតែចោទយើង ហើយបើហៅឲ្យអន្តជាតិដាក់ទោសខ្មែរ លើទំនិញខ្មែរគឺចូលអន្ទាក់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតហើយ កុំភ្លេចការប្រកាសរឿងកុំ៣ របស់បុរសខ្លាំងរូបនេះ។
៣៖ ជម្រើសមិនធ្វើអ្វីទាំងអស់ទុកឲ្យគេរំលាយបក្ស ហើយវិលទៅរកបក្សចាស់យើងវិញ។ ជំរើសនេះនឹងធ្វើឲ្យយើងបាត់កៅអីអស់ក្នុងរដ្ឋសភា និងបាត់កៅអីមេឃុំទាំងអស់ដែលយើងតស៊ូយកមកបានដោយលំបាក។ ថាវិលទៅបក្សដើមយើងសល់តែបក្សសិទ្ធិមនុស្សទេ ដែលពោរពេញទៅដោយបក្សពួកលោក កឹម សុខា ឯបក្ស សម រង្ស៊ីយើងក៏គេអាចរំលាយបានដែរព្រោះជាប់ឈ្មោះលោកប្រធាន។ តើយើងពិតជាអាចទៅជ្រកជាមួយបក្សសិទ្ធិមនុស្សឬទេ នៅពេលដែលការរស់នៅរបស់យើង ជាមួយបក្សថ្មីក្រោមពួក កឹម សុខា ពិបាកយ៉ាងនេះ?
៤៖ អញ្ចឹងនៅសល់តែជម្រើស បើកសមាជដូរប្រធាន។ ខ្ញុំយល់ថាជម្រើសនេះមិនអន់ទេ។ លោកប្រធាន សម រង្ស៊ី បានលាលែងចេញហើយ ព្រោះតែចង់ការពារបក្ស ចុះលោក កឹម សុខា ហេតុអ្វីមិនហ៊ាន? ក្រឡាគេចពីគុកគឺពិបាកណា ដូច្នេះគួរតែដូរប្រធានថ្មីនៅថ្ងៃប្រកាសសាលក្រមតែម្តង កុំឲ្យគេយកលេស រំលាយបក្សយើងបាន។ ប្រធានថ្មីខ្ញុំគិតថា គួរតែជាបង យឹម សុវណ្ណ ឬ លោកជំទាវ ជូឡុងសូម៉ារ៉ា ដើម្បីបន្តបុព្វហេតុលោកប្រធាន សម រង្ស៊ី ណាមួយអ្នកទាំងពីរគឺមានអត្តចរិត គោលការណ៍ស្រដៀងលោកសមរង្ស៊ីដែរ។ តាមពិតការតស៊ូរបស់យើងនៅយូរអង្វែងទៀត បក្សយើងត្រូវចេះរួបរួមនៅជាមួយគ្នា ក្រោមការចង្អុលបង្ហាញរបស់ លោកប្រធាន សម រង្ស៊ី។ ជម្រើសនេះគឺអ្វីដែលបង យឹម សុវណ្ណ ឲ្យជាគោលការណ៍ មិនឆ្លើយ មិនឆ្លង មិនតប។
ហើយលោកប្រធាន កឹម សុខា វិញ លោកនឹងក្លាយជាទុក្ខរជន (Martyre) ដើម្បីយកសមាណចិត្តរាស្ត្រ។ យើងនៅតែស្រែកសុំឲ្យដោះលែងលោកកឹមសុខា និងឲ្យលោក សម រង្ស៊ី មកវិញ។ យើងនៅតែមិនភ្លេចពួកគាត់ តែយើងចង់បង្ហាញប្រជាជនយើងថា យើងជាជនរងគ្រោះពិត។ ខ្ញុំនៅចាំថា កាលពីលោក សម រង្ស៊ី ជាប្រធាន មានរឿងជាច្រើនដែលបក្សយើងសម្រេច ព្រោះរបៀបធ្វើនយោបាយគឺចាប់ដៃ តែមិនចុះចូល ទន់ភ្លន់តែមិនទន់ជ្រាយ។
ទាំង៤ជម្រើសខាងលើនេះជាអ្វីដែលខ្ញុំវិភាគឃើញ និយាយឲ្យច្បាស់ទៅ ខ្ញុំគាំទ្រលោកប្រធាន សម រង្ស៊ី តាំងពីលោកនៅជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្ញុំឃើញលោកបានធ្វើពលិកម្មច្រើនណាស់ដើម្បីបក្ស ជាពិសេសកាលលោកលាលែងចេញពីប្រធានបក្ស។ តើពេលនេះលោក កឹម សុខា គួរធ្វើដូចគ្នាឬទេ ដើម្បីការតស៊ូ របស់សកម្មជនយើង។ ខ្ញុំគាំទ្រលោកប្រធាន គាំទ្រសង្រ្គោះជាតិ តែបើឲ្យខ្ញុំទៅជួយកែនបាតុករ ឬធ្វើបាតុកម្ម ខ្ញុំសូមសារភាពថា ខ្ញុំអត់ទៅទេ។ ពេលនេះជាពេលដែល សង្គ្រោះជាតិ ត្រូវបង្ហាញពីភាពចាស់ទុំ និងចរិកជាតិនិយម របស់ខ្លួនម្តងហើយ ហើយក៏ជាពេលលោក កឹម សុខា ត្រូវលះបង់ដែរ៕
ដោយ៖ ស៊ុតសម