(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទស្សនាល្ខោនបុរាណរឿងមហាវេស្សន្តជាតក នៅសាលមហោស្រពចតុមុខ។

នៅក្នុងពិធីទស្សនាល្ខោនបុរាណនេះ ក៏មានការអញ្ជើញចូលរួមទស្សនាពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ព្រមទាំងមន្រ្តីរាជការ និងសិល្បករ សិល្បការិនីជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា ការចាក់បញ្ចាំងល្ខោនបុរាណរឿងព្រះវេស្សន្តជាតកនេះ ដើម្បីរំលឹកខួប ៤៨ឆ្នាំ នៃការចូលទិវង្គតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (១៩៦៩-២០១៧)។

អត្ថបទសង្ខេបល្ខោនបុរាណរឿងមហាវេស្សន្តរជាតក

* កាលព្រះបរមពោធិសត្វ ទទួលអារាធនានិមន្តពីព្រះឥន្ទ្រាធិរាជ យាងច្យុតអំពីសួគ៌ាទេវលោកមកចាប់បដិសន្ធិ ព្រះនាងសុបាសុប្បតីជាព្រះមាតា និងព្រះបាទស្រី សញ្ជ័យជាព្រះបិតា គ្រងរាជសម្បត្តិ ឋិតនាឰដ៏ជេតុត្តរនគរ ។
ហេតុតែព្រះបារមីនៃព្រះបរមពោធិសត្វ ព្រះនាងសុបាសុប្បតីមានព្រះទ័យជ្រះថ្លា បរិច្ចាគទានអោយដល់អស់ស្មូមព្រាហ្មណ៍យាចក អ្នកកំសត់ទុរគតផងទាំងឡាយរហូតដល់ពេលទ្រង់ប្រសូត ទើបសន្មតព្រះនាមករណ៍ថា “ ព្រះវេស្សន្តរ ” គ្រានោះមានដំរីញីមួយបាននាំកូនមកថ្វាយព្រះវេស្សន្តរ ជាបញ្ច័យនៃព្រះពោធិសត្វទើបអ្នកស្រីពិរាស្រ្តផងទាំងឡាយសន្មត នាមដំរីនោះថា “ បញ្ច័យនាគេន្រ្ទ ” ។

* ព្រះវេស្សន្តរទ្រង់ចំរើនវ័យ សិក្សាចប់ត្រៃវេទមានប្រាជ្ញាទិព្វវិសេសឥតទើសទាល់សោះឡើយ ព្រះបិតាព្រះមាតាបានរៀបចំអភិសេកព្រះនាងមេទ្រីទេវីនៃនគរមាតុលានគរ និងប្រគល់រាជ្យសម្បត្តិគ្រងបន្តព្រះរាជប្រវេណី ជាលុះយូរលង់បន្តិចទ្រង់មានព្រះរាជបុត្រពីរព្រះអង្គគឺ ជាលីនិងក្រស្នា ព្រះអង្គបានបន្តបរិច្ចាគទានរហូតបានប្រទានដំរីសិរីមង្គល ដល់ព្រាហ្មណ៍នៃនគរផ្សេងជាហេតុអោយអ្នកស្រីពិរាស្រ្តទូទាំងនគរនាំគ្នាបះបោរអោយនិរទេសចេញពីនគរទៅនៅគិរីវង្គតបពត៌ ព្រះនាងមេទ្រីបាននាំរាជបុត្រដង្ហែតាមជាមួយផងដែរ ។ ពេលគង់លើរាជរថចាកពីនគរ ពួកព្រាហ្មណ៍បានមកតាមសុំព្រះរាជទ្រព្យព្រះអង្គនៅសល់តែព្រះកាយ បួនអង្គាត្រេចយាត្រាទៅបួសជាឥសីនៅគិរីវង្គតបពត៌ ។

* ថ្លែងពីឪពុកម្តាយនាងអមិត្រធីតា ក្រោយពីទទួលបញ្ញើមាសប្រាក់របស់ជូជក់កើតជាក្ដីអន្តរាយ រលាយអស់ធនធាន ដោយក្តីទាល់ច្រកគាត់លក់ទ្រព្យបញ្ញើចាយអស់គ្មានសល់ ជូជក់មកទារទ្រព្យពុំបានក៏ខឹងសម្បា ពេលនោះនាងអមិត្រធីតាព្រមទៅនៅបម្រើតាជូជក់ ដើម្បីសងបំណុលឪពុកម្តាយទាំងសោកសៅ ។ នាងអមិត្រធីតាបម្រើជូជក់ ធ្វើឲ្យពួកព្រាហ្មណីខឹងសម្បាព្រួតនាំគ្នាទៅវាយធ្វើបាប នាងយំអង្វរឲ្យជូជក់ទៅរកសុំរាជបុត្រមកបម្រើ តាជូជក់ព្រមទៅសុំព្រះរាជបុត្រព្រះវេស្សន្តរមកបម្រើនាងអមិត្រធីតា ។

* ដោយវង្វេងព្រៃជូជក់ស្រែកយំ ចេត្តបុត្រ អ្នកថ្មើរព្រៃចាំការពារអ្នកទៅបៀតបៀនព្រះវេស្សន្តរ បម្រុងនឹងបាញ់ប្រហារជូជក់ក៏និយាយកុហកថា ជារាជទូតនាំសារមកយាងព្រះវេស្សន្តរចូលនគរវិញ ព្រានជឿហើយបង្ហាញផ្លូវទៅអាស្រមគិរីវង្គត បពត៌ ព្រមទាំងអោយស្បៀងអាហារជូជក់ថែមទៀតផង ។

* ព្រះនាងមេទ្រី បាននាំរាជបុត្រទៅគាល់ព្រះឥសីទូលថ្វាយពីសុបិន្តនិមិត្ត សុំផ្ញើបុត្រទាំងទ្វេហើយយាងទៅបេះផ្លែ ផល្លាផុតទៅ ជូជក់ក៏មកដល់ចរចាសុំប្រទានព្រះរាជបុត្រទាំងពីរទៅបម្រើ ជាលីក្រឹស្នាភ័យណាស់នាំគ្នារត់ទៅពួននៅក្នុងស្រះឈូក ជូជក់ដៀលត្មេះព្រះឥសីថាស្រដីពុំពិតឲ្យទានកូនហើយឲ្យរត់គេចអស់ ព្រះវេស្សន្តរតាមហៅបុត្រមកឲ្យ ព្រាហ្មណ៍វិញ ដោយឃើញជូជក់ធ្វើបាបបុត្រទាំងទ្វេពន់ពេកក៏ទាញកៅទណ្ឌមកបំរុងប្រហារព្រាហ្មណ៍ តែទប់ព្រះទ័យហើយធ្មេចព្រះនេត្រយាងចូលអាស្រមវិញ ជូជក់ក៏ប្រញាប់អូសរាជកុមារទាំងពីរចេញទៅ ។

* ព្រះនាងមេទ្រីចម្លែករកផ្លែផល្លាពុំបានសោះ ចេះតែចូលព្រៃជ្រៅទៅទើបជួបនឹងខ្លារាជសីហ៍ស្ទាក់ចាំផ្លូវ ទម្រាំបាន មកដល់អាស្រមវិញពេលព្រលប់ ដោយរកបុត្រពុំឃើញបុត្រនាងសោយសោករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនឡើង ព្រះវេស្សន្តរ ប្រាប់ឲ្យទទួលអនុមោទនា​ ដែលបានពីការដាក់ទានរាជបុត្រទាំងពីរ ។

* ដោយអស់កម្លាំង ជូជក់ក៏ចងកុមារទាំងពីរហើយឡើងចងអង្រឹងលើដើមឈើសម្រាកក្នុងព្រៃ ពេលនោះទេវតាក៏មកបំពេររាជកុមារទាំងទ្វេ ឲ្យផ្ទំលង់លក់ ព្រឹកឡើងជូជក់ក៏បន្តដំណើររហូតដល់ព្រះរាជនគរវិញ ។

* ព្រះបាទស្រីសញ្ជ័យ បាននិមិត្តឃើញអ្នកកាន់ផ្កាឈូកយកមកថ្វាយ ហោរាទស្សទាយហើយទូលថានឹងមានព្រះញាតិមកដល់ ជូជក់ក៏នាំរាជនត្តាមកគាល់ព្រះអង្គសុំប្រទានព្រះរាជទ្រព្យតាមព្រះបន្ទូលព្រះវេស្សន្តរ មហារាជបានឲ្យរាជទ្រព្យទៅជូជក់ជាថ្នូរ ព្រមទាំងរៀបចំ អាហារជូនពិសារ រហូតបែកធ្លាយពោះគ្រានោះទៅ ។

* ព្រះវេស្សន្តរ និងព្រះនាងមេទ្រីត្រូវបានព្រះបិតា ព្រះមាតា មកដង្ហែចូលនគរវិញ បន្ទាប់ពីព្រះឥន្ទ្រាធិរាជយាងប្រោះព្រំ ឲ្យមានសិរីសួស្តីជាសុខតរៀងទៅ។