(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានលោក សាន សុផាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ទី០៩ ខែកញ្ញា នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីបើកការស៊ើបសួរករណីចេញសែកគ្មានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក។
ប្រធានក្រុមហ៊ុនរូបនេះឈ្មោះ ឆេង ខេងទ័ង ហៅកង អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ៩៧អឺសូន្យ ផ្លូវលេខ២៨០សង្កាត់អូឡាំពិក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកានពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» តាមមាត្រា២៣១នៃច្បាប់ឧបករណ៍ ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៧ តាមបណ្ដឹងរបស់ឈ្មោះ គួច ទៀងវេង។
ពាក់ព័ន្ធការចោទប្រកាន់នេះប្រភពព័ត៌មាន បញ្ជាក់ថា ឈ្មោះ ឆេង ខេងទ័ង សារភាពថា ខ្លួនគេបានខ្ចីប្រាក់របស់លោកជំទាវម្នាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីរកស៊ី ។ ក្រោយមកម្ចាស់ប្រាក់បានទារប្រាក់វិញខ្លួនគេគ្មានប្រាក់សងក៏ចេញសែកចំនួន៦សន្លឹក ក្នុងមួយសន្លឹកមានទឹកប្រាក់៥ម៉ឺនដុល្លារ តែសែកនោះគ្មានប្រាក់ទេ ទើបម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចតែម្ដងទៅ៕