(ភ្នំពេញ)៖ រោងភាពយន្តលេជេន (Legend) បានរៀបចំការចាក់បញ្ចាំងពិសេស រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលស្នាដៃដឹកនាំសម្តែងដោយតារាហូលីវូដ គឺអ្នកស្រី Angelina Jolie ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ កន្លងទៅនេះ ដែលជាខ្សែភាពយន្តប្រែសម្រួលចេញ ពីការចងចាំដ៏ឈឺចាប់ របស់អ្នកស្រី អ៊ឹង លួង ជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ កម្មវិធីនេះត្រូវបានធ្វើឡើង នៅរោងភាពយន្ត លេជេន សាខាទួលគោក។
រោងភាពលេជេន មានភាពសោមនស្សរីករាយ ដោយបានអញ្ជើញតារាសម្តែងធំៗ មួយចំនួនដែលបានសម្តែង នៅក្នុងខ្សែភាពយន្តខ្នាតយក្សនេះ ដូចជា អ្នកស្រី ស្វែង សុជាតា សម្តែងជាតួម្តាយ, លោក ភឿង កុម្ភៈ ជាតួឪពុក, លោក ផង់ តារាជាតួ ខ្មែរក្រហម និងកញ្ញា យុទ្ធ បូរាមី ជាជំនួយការអ្នកតុបតែង និងកាន់ខាងសម្លៀកបំពាក់ ក្នុងរឿងនេះ ។
កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងមិនត្រឹមតែបង្ហាញដល់អ្នកគាំទ្រ រោងភាពយន្តលេជេន អំពីវត្តមានរឿងនេះ នឹងត្រូវចាប់បញ្ចាំង នៅក្នុងរោងភាពយន្តលេជេនទាំងបីសាខា ប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏សង្ឃឹមថា រោងភាពយន្តលេជេន បានចូលរួមចំណែកក្នុងការឧទ្ទិស ដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុត ពីការស្លាប់ក្រោមរបបខ្មែរក្រហម ជាពិសេសការផ្តោតសំខាន់ លើសេចក្ដីស្រឡាញ់ និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត នៃដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ។
សូមបញ្ជាក់ថា រឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នឹងចាប់ផ្តើមចាក់បញ្ចាំង នៅរោងភាពយន្តលេជេនទាំងបី ទីតាំងដូចជា រោងភាពយន្តលេជេន ធីឃេ រោងភាពយន្តលេជេន ស៊ីធីម៉ល រោងភាពយន្តលេជេន មានជ័យ ចាប់ពីថ្ងៃទី០៨ កញ្ញានេះ តទៅ៕