(ភ្នំពេញ)៖ មន្ត្រីសមត្ថកិច្ចនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ បានលួចខ្សឹបប្រាប់ថា ឈើប្រណីត និងរាជកុលមួយរថយន្តត្រូវបាន សមត្ថកិច្ចស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចខេត្តតាកែវ ឃុបឃិតគ្នាដោះលែងវិញ ក្រោយពីដេញស្ទាក់ឃាត់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ព្រោះតែឈើនោះជារបស់មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺមួយរូប ហើយសមត្ថកិច្ចមួយរូបទៀត ដែលឈរជើងនៅក្នុងខេត្តតាកែវ ជាអ្នកម៉ៅការរត់ការបើកផ្លូវ។
ករណីសមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ប្រដេញរថយន្តដឹកឈើល្មើសច្បាប់ ដែលឈ្មួញដឹកយកទៅលក់នៅប្រទេសវៀតណាម ចេញតាមខេត្តតាកែវនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ កែងផ្លូវបត់ឆ្ពោះទៅកាន់ផ្សារអង្គតាសោម។
តាមសមត្ថកិច្ចដែលដឹងរឿង និងឃើញហេតុការណ៏បានអោយដឹងថា នៅព្រឹកមិញនេះ មានរថយន្តកូរ៉េទម្ងន់៥តោន ពាក់ស្លាកលេខចង្កូតស្តាំ(ស្លាកពណ៌ក្រហម) ក្បាលពណ៌ស និងទ្រុងពណ៌ខៀវមួយគ្រឿង បានដឹកឈើធ្នុង និងរាជកុល ពេញចេញពីស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៌សាត់ ឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺ ហើយបើកតាមផ្លូវជាតិលេខ៤១ ក្នុងទិសដៅឆ្ពោះទៅខេត្តតាកែវ ដើម្បីនាំចេញទៅប្រទេសវៀតណាម ដោយគេអះអាងថាជាឈើរបស់ឈ្មោះរីណា ជាមន្ត្រីអាវុធហត្ថនៅស្រុកភ្នំស្រួច ជិះរថយន្តឡង់រ៉ូវ៉ែលអត់ស្លាកលេខបើកនាំផ្លូវផងដែរ។
លុះបើកទៅដល់ស្រុកបសេដ្ឋ មន្ត្រីនគរបាលស្រុកបានប្រដេញស្ទាក់ចាប់ ហើយរថយន្តដឹកឈើខាងលើ បានបើកគៀរថយន្តលោកអធិការស្រុករង នូវការខូចខាតតិចតួចផងដែរ ទើបបើករត់ចូលទៅ ទឹកដីខេត្តតាកែវក្នុងទិសដៅឆ្ពោះទៅផ្លូវអង្គតាសោម។ ខណៈនោះមន្ត្រីនគរបាល ស្រុកបសេដ្ឋក៏បានទាក់ទង ទៅសមត្ថកិច្ចស្រុកត្រាំកក់ ខេត្តតាកែវអោយជួយដេញស្ទាក់ ទើបឃាត់រថយន្តខាងលើបាននៅក្បែរផ្សារត្រពាំងអណ្ដើក។
ក្រោយឃាត់បានអូសរថយន្តយកទៅទុក ក៏មានមន្ត្រីនគរបាលក្រសួងមហាផ្ទៃស្ថិតនៅក្នុងគណៈកម្មការបង្ក្រាបបទល្មើសតាមព្រំដែនម្នាក់ឈ្មោះជាតិ ដែលជាអ្នកម៉ៅរត់ការឈើចេញទៅ ប្រទេសវៀតណាមក្នុងទឹកដីខេត្តតាកែវផ្ដាច់មុខនោះ ចេញមុខមកចរចា ហើយចុងក្រោយក៏ត្រូវរ៉ូវគ្នា ទើបគេអនុញ្ញាតអោយរថយន្ត ដឹកឈើខាងលើនេះ បើកចេញបាត់ទៅធ្វើអោយសមត្ថកិច្ចជាកូនចៅ និងសមត្ថកិច្ចផ្សេងៗទៀត ដែលដឹងរឿងនាំគ្នាទៅឈរមើលនោះ ធ្វើក្បាលងីងើលៗដូច គោត្រូវស្រាំងទិច។
តាមសមត្ថកិច្ចដែលដឹងរឿងបានអោយដឹងថា បច្ចុប្បន្ននេះ បទល្មើសដឹកជញ្ជូនឈើប្រណីត ឈើកម្រ ដូចជារាជកុល ជាដើមនោះ នៅតែត្រូវបានឈ្មួញឃុប ឃិតគ្នាកាប់ និងដឹកជញ្ជូនយកទៅលក់ នៅប្រទេសវៀតណាមដោយចេញតាមខេត្តតាកែវស្ទើរាល់ថ្ងៃ ព្រោះតែមានមន្ត្រីនគរបាល ទៅពីក្រសួងមហាផ្ទៃឈ្មោះជាតិ ជាអ្នកម៉ៅការរត់ផ្លូវនៅទូទាំងខេត្តតាកែវតែម្ដង ហើយឈើទាំងអស់នេះ ភាគច្រើនគឺដឹកចេញពីស្រុកវាលវែង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៌សាត់ ចូលមកស្រុកឱរ៉ាល់ ឆ្លងខេត្តកំពង់ស្ពឺ ទើបដឹកឆ្ពោះទៅខេត្តតាកែវ ដោយក្រុមឈ្មួញមានឃ្លាំងស្តុកទុក នៅក្នុងខេត្តតាកែវសំរាប់ លើកដាក់ចុះទូកនាំចេញបន្តទៅតាមស្រុកបុរីជលសាល និងស្រុកកោះអណ្តែត ដោយច្រកដែលឈ្មួញនាំចេញរួមមាន ច្រកបាក់ដៃ ត្រពាំងក្រសាំង និងច្រកថ្ម៣ដុំ។
ដូច្នេះ សូមលោកអភិបាលខេត្ត ឡាយ វណ្ណះ មេត្តាជួយពិនិត្យមើលផង៕