(ភ្នំពេញ)៖ ​អគ្គិសនីកម្ពុជា (EDC) បានជូនដំណឹងថា ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ការផ្គត់ផ្គង់អគ្គិសនីក្នុងរាជធានីភ្នំពេញ នឹងជួបការរអាក់រអួលនៅកន្លែងមួយចំនួនក្នុងរយៈពេលខ្លី ដោយសារការកែសម្រួលខ្សែបញ្ជូនអគ្គិសនីទំហំ ១១៥គីឡូវ៉ុលនៅតំបន់ស្ពានអាកាសផ្សារដីហ៊ុយ។

យោងតាមសេចក្តីជូនដំណឹង ដែល Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសផ្សារដីហ៊ុយមានការប៉ះពាល់ដល់ខ្សែបញ្ជូនអាកាស ១១៥គីឡូវ៉ុល ដែលខ្សែមួយកំណាត់នេះ ជាខ្សែបញ្ជូនដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ថាមពលទូទាំងរាជធានីភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងបន្តថា ដើម្បីជំនួសខ្សែបញ្ជូនអាកាស ១១៥គីឡូវ៉ុល ដែលប៉ះពាល់គម្រោងសាងសង់ស្ពានអាកាស និងការពង្រីកផ្លូវក្រវាត់ក្រុងនេះ អគ្គិសនីកម្ពុជា កំពុងខិតខំសាងសង់បណ្តាញតង់ស្យុងខ្ពស់ថ្មីមួយខ្សែទៀត ដោយប្រើប្រាស់ខ្សែកាប្លិ៍កប់ដី ១១៥គីឡូវ៉ុលវិញ។

មួយវិញទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងជួយពន្លឿនដល់ដំណើរការសាងសង់ស្ពានអាកាសផ្សារដីហ៊ុយឲ្យហើយតាមការគ្រោងទុករបស់រាជរដ្ឋាភិបាលនោះ អគ្គិសនីកម្ពុជា ក៏បានចូលរួមចំណែកកែសម្រួលបច្ចេកទេសមួយចំនួន ដោយធ្វើការរុះរើប្រព័ន្ធបញ្ជូនថាមពលដែលមានបច្ចុប្បន្នមាន ២សៀគ្វី (៦ខ្សែ) មកត្រឹម ១សៀគ្វីវិញ (៣ខ្សែផ្គត់ផ្គង់ និងបន្ថែម ១ខ្សែសម្រាប់ជួយលំនឹងបង្គោល) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។

បើតាមអគ្គិសនីកម្ពុជា នៅអំឡុងពេលរុះរើខ្សែទាំងពីរនេះ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងមានការអាក់ខានមួយរយៈពេលខ្លីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះបច្ចុប្បន្ននេះ មានខ្សែ ២សៀគ្វី តែពេលខាងមុខនឹងត្រូវប្តូរមកមានតែ ១សៀគ្វី រហូតដល់ខ្សែបណ្តាញកប់ក្រោមដីជំនួសវិញ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ២០១៨ ដូច្នេះអាចនឹងមានការរអាក់រអួលផ្នែកបច្ចេកទេសខ្លួននៅអំឡុងពេលនេះផងដែរ។

ជាមួយនឹងភាពរអាក់រអួលព្រោះការកែសម្រួលខ្សែបញ្ជូនថាមពលនេះ អគ្គិសនីកម្ពុជា បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់៕