Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទប់ស្កាត់ទំនិញខូចគុណភាព! កាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទំនិញដែលដាក់ក្នុងស្លាដក់ និងរណ្ដាប់ផ្សេងៗ ដែលដាក់លក់នៅផ្សារត្រី ក្រុងប៉ោយប៉ែត

09-09-2017 12:41

(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល និងក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យទំនិញផ្សេងៗ ដែលដាក់ក្នុងស្លាដក់ និងរណ្ដាប់ សម្រាប់ប្រគេនព្រះសង្ឃ ដែលដាក់លក់នៅផ្សារត្រី ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក ហុង លៀង ​អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ Fresh News យុទ្ធនាការនេះ ធ្វើឡើងដោយសហការជាមួយ មន្ដ្រីមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចផងដែរ។

បើតាមលោក ហុង លៀង ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ទំនិញខូចគុណភាព ដែលអាជីវកររៀបក្នុងរណ្ដាប់ ស្លាដក់ ដាក់ប្រគេនព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកបានឲ្យដឹងថា ក្នុងការចុះអង្កេតទំនិញខាងលើ គេឃើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនានា ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែ​មានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់៕