(ភ្នំពេញ)៖ គណៈប្រតិភូទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Hoang Trung Hai សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការគណៈកម្មាធិការបក្សទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបទពិសោធន៏នៃទីក្រុងទាំង២ភ្នំពេញហាណូយ ក្នុងនាមជាទីក្រុងសម្ពន្ធ័ភាព។

​លោក Hoang Trung Haiដែលជាជនទី៥ក្នុងការរិយាល័យ នយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅរាជធានីភ្នំពេញនាពេលនេះក្នុងគោលបំណងពិនិត្យឡើងវិញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ហាណូយ ភ្នំពេញនឹងស្របពេលខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។

លោកលេខាបក្សទីក្រុងហាណូយ បានគត់សំគាល់ឃើញពីការរីកចំរើន របស់រាជធានីភ្នំពេញ មានល្បឿនលឿនលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ពន្ធ័ក្នុងទីក្រុង និងតភ្ជាប់ទៅតាមបណ្តាខេត្តក្រុងនានា។

លោកក៏បានលើកឡើងពី បទពិសោធន៏នៃការអភិវឌ្ឍន៏ទីក្រុងហាណូយ ដែលមានប្រជាជនរស់នៅជាង ១០លាននាក់នាពេលបច្ចុប្បន្ន និងមានស្ថានភាពមិនខុសគ្នាពីរាជធានីភ្នំពេញនោះទេ។

លោក ឃួង ស្រេង បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងកម្ពុជានិងវៀតណាម ពិសេសទីក្រុងយើងទាំង២ភ្នំពេញហាណូយ ។ កម្ពុជាមិនភ្លេចគុណបំណាច់កងទព័ស្មគ្រ័វៀតណាម ដែលបានរួមចំណែករំដោះប្រជាជនកម្ពុជា ពីរណ្តៅមរណៈ នៃរបបប្រល័យពូជសាសន៏ប៉ុលពត នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។

លោកអភិបាល បានលើកឡើងពីការវិវឌ្ឍន៏រីកចំរើន របស់រាជធានីភ្នំពេញក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយការអភិវឌ្ឍន៏នេះគឺពិតជាមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រពីភាគីវៀតណាមផងដែរ។

លោក ឃួង ស្រេង ក៏បានលើកឡើងពីផងដែរថា នឹងពិនិត្យមើលពេលវេលាសមស្របដើម្បីដឹកនាំ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅទស្សនកិច្ចនៅរដ្ឋធានីហាណូយ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ថវិកាពីទីក្រុងហាណូយ ដល់រាជធានីភ្នំពេញដើម្បីរួមចំណែកអភិវឌ្ឍន៏រាជធានីភ្នំពេញដែលចុះហេត្ថលេខាដោយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោក ហាមិញ ហាយ ប្រធានមន្ទីរសេដ្ឋកិច្ចទីក្រុងហាណូយ៕