(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ បានព្រមានដល់សមាជិកគណបក្សសង្រ្គោះជាតិចំពោះការប៉ុនប៉ងធ្វើបាតុកម្ម ដើម្បីទាមទារឱ្យដោះលែងលោក កឹម សុខា។ លោក សុខ ឥសាន បានបញ្ជាក់ថា បាតុកម្មនេះ នឹងធ្វើឱ្យបញ្ហារបស់គណបក្សប្រឆាំង កាន់តែធ្ងន់ធ្ងរថែមទៀត។
ការព្រមានរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី បណ្តាប្រទេសមួយចំនួនបានទាមទារឱ្យរាជរដ្ឋាភិបាលដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ហើយក៏មានការផ្សព្វផ្សាយថា ពលរដ្ឋខ្មែរមួយចំនួន នៅប្រទេសអាល្លឺម៉ង់ បារាំង និងអូស្រ្តាលី គ្រោងនឹងធ្វើបាតុកម្មមួយ ដើម្បីស្នើឱ្យដោះលែង លោក កឹម សុខាផងដែរ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់សកម្មភាពទាំងឡាយណាចង់ឲ្យមានការដោះលែងជនក្បត់ជាតិ មិនអាចទទួលយកបានជាដាច់ខាត ផ្ទុយទៅវិញវាកាន់តែធ្វេីឲ្យជន់ក្បត់ជាតិធ្ងន់ខ្លួនថែមទៀតប៉ុណ្ណោះ។ គ្មានផ្លូវណាផ្សេងតទល់តាមផ្លូវតុលាការទេ ដោយរកឯកសារនិងភ័ស្តុតាងមកបញ្ជាក់ពីភាពស្អាតស្អំរបស់សាមុូជនប៉ុណ្ណោះ»។
លោក បានបន្តទៀតថា «សរុបមកការធ្វេីអន្តរាគមន៍ណាមួយពីបរទេស គឺគ្រាន់តែជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និង ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាដែលផ្ទុយ់ពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងជាក់ស្តែង។ ម៉្យាងទៀត ការធ្វេីបាតុកម្មឲ្យដោះលែង មិនមែនជាមធ្យោបាយល្អឡេីយ»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយ បង្ហាញថា លោកសារភាពអំពីការអនុវត្តតាម ការបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ខាត មិនឱ្យសហរដ្ឋអាមេរិក លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយបង្គាប់ឱ្យមានការស៊ើបអង្កេតថែមទៀតចំពោះជនបរទេស ដែលមានការពាក់ព័ន្ធនឹងករណីក្បត់ជាតិរបស់ លោក កឹម សុខា៕