(ត្បូងឃ្មុំ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទី ហេងសំរិន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាទីអារាមដ្ឋានមានវ័យចំណាស់ និងកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង។
គណៈកម្មការអាចារ្យវត្ត បានបញ្ជាក់ថា វត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងនេះ ពិតជាទទួលបាននូវការទំនុកបម្រុងយ៉ាងខ្លាំង ពីសំណាក់សម្តេច ហេង សំរិន និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទជាច្រើនទៀត ទើបធ្វើឲ្យអារាមដ្ឋាននេះទាំងមូល មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះ គណៈកម្មការអាចារ្យវត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ហេង សំរិន និងលោកជំទាវ ដែលតែងបានអញ្ជើញមក ធ្វើបុណ្យតាមផ្លូវសាសនា នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងនេះ មិនដែលខាននាឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិជាដើម ដែលនេះបានសបញ្ជាក់ឲ្យឃើញថាសម្តេច និងលោកជំទាវ មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ មកលើព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជូនលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ សម្ដេចពញាចក្រី និងលោកជំទាវ បានប្រគេនបច្ច័យកសាងចំនួន១០លានរៀល ប្រគេនព្រះសង្ឃចំនួន៩អង្គ ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល, អង្ករ១០០គីឡូក្រាម, តែ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ កាហ្វេ មី និងបានចែកជូន លោកយាយ លោកតា ចំនួន១០០នាក់ម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ៕