(ម៉ិចស៊ីកូ)៖ បន្ទាប់ពីទើបរងគ្រោះដោយរញ្ជួយផែនដី កម្រិតធ្ងន់ធ្ងរបំផុតដល់ទៅ ៨.០រ៉ិចទ័រ ដែលបានសម្លាប់មនុស្សរហូតដល់ទៅ ៥៨នាក់នោះ ប្រទេសម៉ិចស៊ីកូនៅថ្ងៃនេះ កំពុងតែទទួលរងឥទ្ធិពលដ៏កំណាចនៃព្យុះហឺរីខិន កាត្យា (Katia) ដែលបានបង្កជាការបាក់ដី និងទឹកជំនន់ ស្ថិតនៅតំបន់ឆ្នេរឈូងសមុទ្រនៃរមណីយដ្ឋាន តេកូលូតឡា (Tecolutla) នៃរដ្ឋ វែរ៉ាគ្រូស (Veracruz) ភាគអាគ្នេយ៍នៃប្រទេសអាមេរិកខាងជើងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
សម្រាប់ព្យុះហឺរីខិន ដែលកំពុងវាយលុកតំបន់ខាងលើនេះ មានល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានបង្កជាការបាក់ដី ព្រមទាំងគ្រោះទឹកជំនន់នៅតំបន់ឆ្នេរ កាត្យា ផងដែរ។ សម្រាប់ស្ថានភាពកំពុងតែអាក្រក់ខ្លាំងបែបនេះ គេនៅពុំទាន់ទទួលបានព័ត៌មាន អំពីមនុស្សរងគ្រោះ ឬក៏កម្រិតនៃការខូចខាតទ្រព្យសម្បត្តិជារួមនោះឡើយ។
គួរបញ្ជាក់ថា ព្យុះហឺរីខិនកាត្យានេះ បានធ្វើការវាយប្រហារម៉ិចស៊ីកូ ស្របពេលដែលព្យុះមួយទៀតឈ្មោះ អឺម៉ា (Irma) កំពុងតែវាយសង្គ្រប់លើប្រទេសគុយបា បង្កជាការបាក់ដី និងទឹកជំនន់យ៉ាងដំណំ ហើយវានឹងធ្វើដំណើរទៅបំផ្លាញរដ្ឋផ្លូរីដា របស់សហរដ្ឋអាមេរិកបន្ថែមទៀត នៅចុងសប្តាហ៍នេះហើយ។ ព្យុះទាំងឡាយដែលបាន និងកំពុងកើតមាននៅបណ្តារដ្ឋនៃសមុទ្រការីបៀននេះ គឺស្ថិតក្នុងកម្រិតអាក្រក់បំផុត ដែលមិនធ្លាប់កើតមាននៅក្នុងតំបន់នេះ ជិតមួយសតវត្សរ៍មកហើយ៕