(កោះកុង)៖ លោក ឈេង សុវណ្ណដា ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាផ្លូវការ នៃអភិបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបានខេត្តកោះកុង និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
លោកស្រី មិថុនា ភូថង បានធ្វើការផ្តាំផ្ញើដល់ លោកអភិបាលក្រុងខេមរភូមិន្ទ ដែលទើបប្រកាសចូលកាន់មុខតំណែង និងទទួលភារកិច្ចថ្មីថា ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ និងរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការងារ មិនត្រូវគិតតែផលប្រយោជន៍ខ្លួនឯងឡើយ ធ្វើយ៉ាងគិតពីប្រជាពលរដ្ឋជាចម្បង និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យមានភាពរីកចម្រើន ដើម្បីលើស្ទួយផ្នែកសេដ្ឋកិច្ចប្រជាពលរដ្ឋ ហើយត្រូវចាត់ប្រជាពលរដ្ឋជាគ្រួសារខ្លួន ត្រូវផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយក្នុងនាមជាអាជ្ញាធរ ត្រូវដឹងពីទុក្ខធុរៈប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសសុវត្តិភាពភូមិឃុំ។
ជាមួយគ្នានោះ លោក ឈេង សុវណ្ណដា បានធ្វើការប្ដេជ្ញាចិត្តខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ឲ្យអស់ពីសមត្ថភាពក្នុងនាមជាអភិបាលក្រុង បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនគិតថ្ងៃ ឬយប់ឡើយ ហើយស្រលាញ់ប្រជាពលរដ្ឋដូចគ្រួសារតែមួយ ដោយមិនប្រកាន់នូវនិន្នាការនយោបាយណាមួយឡើយ មិនប្រកាន់ពូជសាសន៍ ហើយតាំងខ្លួនជាខ្ញុំបម្រើប្រជាពលរដ្ឋជានិច្ច។
លោកបានបន្ត លោកនឹងខិតខំបង្កើនភាពស្និតស្នាល ជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការ និងរក្សាភាពផ្ទៃក្នុងឲ្យបានល្អ ចេះសាមគ្គីគ្នា រួមគ្នាដើម្បីអភិវឌ្ឍន៍ខេត្តក្រុងផងដែរ៕