(ភ្នំពេញ)៖ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធំៗពីររបស់កម្ពុជា រួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដាក់តឿនឲ្យយុវជនកម្ពុជាទាំងអស់ ស្រឡាញ់សន្តិភាព និងរក្សាសន្តិភាពដែលរកបានដោយពិបាលឲ្យបានល្អ ព្រោះពាក្យថាសង្គ្រាមគឺមិនស្រួលឡើយ វេទនាខ្លាំងណាស់។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា «សន្តិភាពមានតម្លៃណាស់សម្រាប់ខ្ញុំ និងប្រជាជនកម្ពុជា ដូច្នេះសូមឲ្យយុវជន ត្រូវយល់អ្វីពីតម្លៃ នៃសន្តិភាព ពេលនឹកដល់សង្រ្គាមធ្វើឲ្យខ្ញុំស្រលាញ់សន្តិភាព កាន់តែខ្លាំងឡើង»។

លោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានលើកឡើងថា លោកធ្លាប់ឆ្លងកាត់សង្គ្រាមដូច ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែរ។ សង្គ្រាមនឹងសន្តិភាពមានមួយ គឺអត់មួយ ដូច្នេះសុំឲ្យសិស្សនិសិ្សត និងយុវជនខ្មែរជំនាន់ក្រោយ ត្រូវស្វែងយល់តម្លៃនៃសន្តិភាព។

លោកបណ្ឌិតទាំងពីរ ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញទទួលលិខិតសសើរ ពីក្រសួងការបរទេសជប៉ុន នៅស្ថានទូតជប៉ុន នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ដោយមានការចូលរួមពី សំណាក់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ និងមន្ត្រីសិទ្ធិមនុស្សកម្ពុជាផងដែរ។

លោកបណ្ឌិត ជេត ជាលី បានបន្តថា មិនមែនតែប្រជាពលរដ្ឋខ្មែរទេ ដែលស្អប់សង្គ្រាម សូម្បីតែប្រទេសជប៉ុន និងប្រជាជាតិនៅលើសាកលលោក ក៏ស្អប់សង្គ្រាមដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណប្រជាជន គឺក្នុងតម្លៃណាក៏ដោយសន្តិភាព គឺជារបស់ដែលមិនអាចប៉ះពាល់បាន ទោះក្នុងរូបភាពណា ក៍ដោយគឺថ្នាក់ដឹកនាំគណបក្សប្រជាជនប្តេជ្ញាចិត្តថា គ្មានអ្នកណាសន្តិភាពប៉ះពាល់សន្តិភាព នៅក្នុងប្រទេសកម្ពុជាបានឡើយ។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន គឺយល់ច្បាស់ខ្លាំងណាស់ ពីផលលំបាកនៃសង្គ្រាម ដូច្នេះហើយទើបប្រទេសទាំងពីរ តែងតែឲ្យតម្លៃទៅលើ សន្តិភាពជានិច្ច ព្រោះប្រទេសជប៉ុន ត្រូវបានបរទេសទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់ នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលធ្វើឱ្យប្រជាជនស្លាប់រាប់ ម៉ឺននាក់។

លោកបណ្ឌិត ជេត ជាលី តែងតែអប់រំដល់សិស្សនិស្សិតរបស់ខ្លូនប្រមាណ២ម៉ឺននាក់ ឲ្យយល់អ្វីថាតម្លៃ នៃសន្តិភាព លោកតែងតែបញ្ចាំងនូវ ខ្សែភាពយន្តស្តីពីរបបប្រល័យពូជសាសន៍ នៅសាកលវិទ្យាល័យភ្នំពេញ ដោយសហការជាមួយមជ្ឈមណ្ឌល បូផាណា និង សាលាក្តីខ្មែរក្រហម ពន្យល់ដល់គ្រប់និស្សិតថា សង្គ្រាមវាបំផ្លាញអ្វីស្ទើរគ្រប់បែបយ៉ាង​ ។

លោកបណ្ឌិត ហោ ប៉េង បានលើកឡើងផងដែរថា សូមឲ្យយុវជនខ្មែរគ្រប់រូបស្តាប់នូវប្រសាសន៍ ឬគ្រប់ព្រឹត្តិការណ៍សំខាន់ៗទាំងអស់ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែពន្យល់ថា សន្តិភាពមានតម្លៃណាស់​កាលណាមានសន្តិភាព គឺយុវជនមានឱកាសរៀនសូត្រ ស្វែងរកការងារធ្វើ ដើរហើរដោយសេរី ប៉ុន្តែកាលណាប្រទេសមានសង្គ្រាម យុវជនមិនមានឱកាសរៀនសូត្រ បញ្ចេញសមត្ថភាព គ្មានការគិតត្រិះរិះពិចារណា។

លោកបណ្ឌិត ហោ ប៉េង បានបញ្ជាក់ថា គ្មានបណ្តាប្រទេសណាមួយចង់បានសង្គ្រាមនោះទេ ក៏ប៉ុន្តែនៅកម្ពុជាវិញមានជនមួយចំនួនតូចចង់បំផ្លាញ សន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃ ដោយជននោះចង់បង្កវាឡើង ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ដែលនាំឲ្យប្រទេសអន្តរាយកាលណាប្រទេស ធ្លាក់ចូលក្នុងសង្គ្រាមរ៉ាំរ៉ៃនោះ ហើយនាំឲ្យការអភិវឌ្ឍន៍ មិនអាចឈានជើងទៅមុខបានទៀតទេ។

លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា សូមឲ្យយុវជនខ្មែរសម្លឹង ទៅមើលពីអតីតកាលថា ប្រទេសកម្ពុជា ទទួលរងគ្រោះយ៉ាងដូចម្តេចដោយសារ សង្គ្រាមដូច្នេះទម្រាំទទួល បានសន្តិភាពដូចសព្វថ្ងៃ គឺការបូជាសាច់ស្រស់របស់វីរៈជនខ្មែរ ស្នេហាជាតិកម្ពុជាដោយសារតែកម្ពុជាទទួលបាន សន្តិភាពនេះ ហើយបាន​ធ្វើ ឲ្យយុវជនខ្មែរ មានឱកាសស្វ័យសិក្សាប្រាស្រ័យ ទំនាក់ទំនងជាមួយយុវជន បណ្តាប្រទេសលើសាកលលោក​ដូចយើង ឃើញជាក់ស្តែងហើយ យុវជនកម្ពុជាមួយចំនួនធំ បានទទួលអាហារូបករណ៍ ទៅសិក្សានៅបរទេសពីមួយឆ្នាំទៅមួយ ឆ្នាំកើនឡើងជាលំដាប់៕