(ភ្នំពេញ)៖ ដូចលោកអ្នកបានជ្រាបហើយថា Fresh News TV កំសាន្ត, បានបង្កើតកម្មវិធីកំសាន្តជាច្រើនដែលជាដំបូងនោះគឺកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលជាកិច្ចសម្ភាសន៍រវាងពិធីករ ពិធីការិនីដ៏មានប្រជាប្រិយភាពក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងតារាកិត្តិយសដែលកំពុងលេចធ្លោក្នុងសង្គមនាពេលបច្ចុប្បន្ន នោះគឺលោក អ៊ុន សិទ្ធា និងកញ្ញា ទឹម រដ្ឋា ដែលអ្នកទាំងពីរជាតារាបង្ហាញម៉ូតដ៏ល្បី និងបច្ចុប្បន្នជាតារាសម្តែងដ៏លេចធ្លោក្នុងវិស័យភាពយន្ត កំពុងទទួលការចាប់អារម្មណ៏ពីទស្សនិកជននៅកម្ពុជា។

គួររំលឹកផងដែរថា លោក អ៊ុន សិទ្ធា ជាជ័យលាភីលេខ១ ក្នុងកម្មវិធី ស្រីស្រស់ប្រុសស្អាត នៅឆ្នាំ២០០៦ របស់ទូរទស្សន៏ CTN។ ក្រោយពីទទួលបានតំណែងដ៏មាន កត្តិយសនេះ លោកក៏បានអភិវឌ្ឍន៏ក្នុងវិស័យបង្ហាញម៉ូត ហើយក៏បានចាប់យកវិស័យសម្តែងជាបន្តបន្ទាប់ហើយទន្ទឹមនឹងនេះ លោកក៏ជាអ្នកអានព័ត៌មានក្នុងកម្មវិធី កាកបាទក្រហមកម្ពុជា។ ដោយឡែកកញ្ញា ទឹម រដ្ឋា ក៏ជាបេក្ខភាពមួយក្នុងរូបក្នុងកម្មវិធី ស្រីស្រស់ប្រុសស្អាត ឆ្នាំ២០០៥ របស់ទូរទស្សន៏ CTN ដែរ។ បន្ទាប់មក កញ្ញាបានចាប់យកអាជីពដើរម៉ូតនិងសំដែង ដោយទទួលបានជោគជ័យជាបន្តបន្ទាប់។

នៅពេលនេះអ្នកទាំងពីរបានក្លាយខ្លួនជាពិធីករ ពិធីការនីក្នុងកម្មវិធីដ៏ថ្មីស្រឡាងមួយរបស់ Fresh News TV ផ្នែកកំសា​ន្តគឺ «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលធ្វើការផ្សាយផ្ទាល់នៅថ្ងៃសៅរ៏នេះវេលាម៉ោង៧៖០០នាទីយប់ ដល់៨៖០០នាទីយប់ និងចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោងដដែរ។ សូមទស្សនិកជនទាំងអស់គ្នារង់ចាំទស្សនា៕