ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី នៅរយៈពេល៧ថ្ងៃដំបូង!
09-09-2017 09:31
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ។
គ.ជ.ប បានឲ្យដឹងថា រយៈពេល៧ថ្ងៃដំបូងនៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៤៣៤៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩.៨លាននាក់៕