(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ក្រាបជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅ​ចំណុចមុខផ្ទះលេខ២១៥A ផ្លូវ១៨២ ក្រុម០១ ភូមិ០១ សង្កាត់ទឹកល្អក់ទី២​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ បញ្ញា ហៅ​អាញ៉ា ​អាយុ២៤​ឆ្នាំ មុខរបរ​ពុំពិតប្រាកដ​ស្នាក់នៅផ្ទះលេខ​៤៦-៤៧ ផ្លូវ៥៩៨ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ហើយជាមុខសញ្ញាទើបចេញពីពន្ធនាគារ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ពីបទឆក់។ ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ ឈិន ចរិយា អាយុ២២ឆ្នាំ មុខរបរ​និស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា។

បើតាមមន្ដ្រីនគរបាល មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខ​កំពង់ស្ពឺ​1B-8341 ចេញពីធ្វើការពីសណ្ឋាគារសុខាភ្នំពេញ ត្រើយម្ខាងក្នុងគោលបំណងត្រឡប់មកផ្ទះវិញ លុះពេលជនរងគ្រោះបានជិះម៉ូតូ មកដល់ចំណុចខាងលើ ជន​រងគ្រោះបានឈប់ម៉ូតូដើម្បីរកទិញសាវ​ម៉ៅ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូមកបញ្រ្ចាស់ទិសគ្នា រួចបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ដែលដាក់មកខាងមុខពេលឆក់ បានសម្រេច ហើយជនសង្ស័យបាន ព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវជនរងគ្រោះស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ធាក់ម៉ូតូជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូ ហើយជនសង្ស័យត្រូវបាន ប្រជាពលរដ្ឋនៅកន្លែងកើតហេតុចាប់វាយបណ្ដាលរបួស (​របួសសៀតផ្កា ឆ្វេង និងចិញ្ចើមឆ្វេងធ្ងន់​) ហើយក៏មានការអន្តរាគមន៍ពី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ ចុះទៅឃាត់ខ្លួនជនសង្ស័យយកមកកាន់ទីស្នាក់ការប៉ុស្តិ៍តែម្ដង​។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ​ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី២០១៧ ពណ៌ខ្មៅ អត់ស្លាកលេខ ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព​ និងកាបូបរបស់ស្ដ្រីរងគ្រោះ ព្រមទាំងសម្ភារៈនៅក្នុងនោះផងដែរ តែត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕