(កំពង់ឆ្នាំង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី៩ ខែកញ្ញានេះ នៅលើផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្កឡើងរវាងរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2724 (អ្នកបើកបររត់បាត់) ដែលមានដឹកមាន់ បុកជាមួយគោយន្តកន្រៃ្តយ៍១គ្រឿងម៉ាក ដែលមានសណ្តោងរ៉ឺម៉កដឹកមនុស្សចំនួន១០នាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់២នាក់ និង​រងរបួសមនុស្សធ្ងន់១១នាក់។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើករថយន្ត ក្នុងល្បឿនលឿន ខណៈអ្នកបង្កដែលជាអ្នកបើកបរថយន្តរត់បាត់ស្រមោល។

សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់យកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕