(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំគណៈប្រតិភូពាណិជ្ជករថៃចំនួន១០ក្រុមហ៊ុន ដែលប្រកបអាជីវកម្មផ្នែក ផលិតផលគ្រឿងសង្ហារឹម សំភារៈតុបតែងផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មករកតំណាងចែកចាយទំនិញថៃ នៅប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ ស្ថានតំណាងពាណិជ្ជកម្មថៃនៅកម្ពុជា បានឲ្យដឹងថា ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ស្ថានតំណាងពាណិជ្ជកម្មថៃនៅកម្ពុជា នឹងរៀបចំកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ» នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨៖៣០នាទី ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

ប្រសិនបើពាណិជ្ជករកម្ពុជា មានចំណាប់អារម្មណ៍ ចង់ធ្វើជាតំណាងចែកចាយទំនិញថៃ សូមអញ្ជើញចូលរួមក្នុងកម្មវិធី «ចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ» ដោយសេរី ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៧២៦៣០៤៕