(ភ្នំពេញ)៖ មានករណីឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យផ្ទុះឆេះកាប៊ីនភ្លើងមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយកើតមានករណីផ្ទុះឆេះកាប៊ីនភ្លើងនេះភ្លាមៗ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលពេលនោះគេឃើញមានវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែន បានជួយអន្ដរាគមន៍ពន្លត់ទាន់ពេលវេលាផងដែរ។

យ៉ាងណាមិញ គ្រោះថ្នាក់មួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែបង្កភាពភ័យខ្លាច និងឆេះខ្សែភ្លើងដែលនៅជាប់នឹងបង្គោលនោះតែប៉ុណ្ណោះ៕