(កំពង់ស្ពឺ)៖ ការហ្វឹកហ្វឺនបំប៉នដល់គ្រូបង្គោល មកពីតាមបណ្តាយោធភូមិភាគ និងកងពលនានា សម្រាប់សមយុទ្ធបាញ់គ្រាប់ពិត បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រកបដោយជោគជ័យ។
គ្រូបង្គោល១២៦នាក់ មកពីយោធភូមិភាគទី១, ២, ៣, ៤, ៥ និងភូមិភាគពិសេស, កងពលធំអន្តរាគមន៍លេខ២, លេខ៣ រួមទាំងកងពលតូចលេខ៧០ បានទទួលការហ្វឹកហ្វឺនបំប៉នរយៈពេល៥ថ្ងៃមកហើយ ទាំងទ្រឹស្តី និងការអនុវត្ត ក្នុងនោះមានទាំងទ័ព អាកាស ថ្មើរជើង រថក្រោះ រថពាសដែក និងការបាញ់អាវុធធន់ធ្ងន់ជាច្រើនទៀត។
ថ្លែងក្នុងពិធីបិទ នាយរងសេនាធិការ និងជានាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ អួន សារឿន បានថ្លែងកោតសរសើរ ចំពោះកងពលតូចលេខ៧០ ដែលបង្កើតការហ្វឹកហ្វឺន ថ្នាក់វរសេនាតូចជាប្រវត្តិសាស្ត្រនេះ ដែលពីមុនគឺមិនធ្លាប់មាននោះទេ និងសូមឲ្យបន្តមានការបំប៉នបែប នេះបន្ថែមទៀតនាពេលខាងមុខ។ លោកបានបញ្ជាក់ថា ការហ្វឹកហាត់លើកនេះ គឺមានទាំងការហ្វឹកហ្វឹនទាំងជំនាញទ័ពអាកាស ថ្មើរជើង រថក្រោះ រថពាសដែក កាំភ្លើងត្បាល់ ជាដើម។
លោកបានស្នើឲ្យគ្រូបង្គោល ក៏ដូចជាសិក្ខាកាម ត្រូវទទួលខុសត្រូវធានាទាំងការងារសុវត្ថិភាពផងដែរ ហើយការហ្វឹកហាត់នេះ គឺដើម្បីឲ្យទាហានយល់បន្ថែម និងចេះសហការ សាមគ្គីគ្នាទៀតផង។
ដោយឡែក មេបញ្ជាការរងកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ទោ ឈឿន កុសលវីរៈ បានថ្លែងថា ការអភិវឌ្ឍន៍ក្នុងកងទ័ព គឺជាការការពារមិនឲ្យមានសង្គ្រាម ហើយលោកបានសំណូមពរបន្តការសហការគ្នា និងការបញ្ជូនព័ត៌មានពាក់ព័ន្ធ ការហ្វឺកហ្វឺនឲ្យបានទាន់ពេលវេលា ដោយលោកចាត់ទុកថា ការជួបជុំចែករលែកគ្នានេះ គឺជាបណ្ណាល័យមានវិញ្ញាណមួយ៕