(កំពង់ធំ)៖ កាកបាទក្រហមកម្ពុជា តំណាងដោយសាខាកាកបាទក្រហមខេត្តកំពង់ធំ និងកាកបាទក្រហមជប៉ុន នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានបង្ហាត់បង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងសិស្សកុមារជាច្រើននាក់នៅទីនោះ។

ទិវាពិភពលោកនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមខេត្ត អ្នកស័្មគ្រចិត្តកាកបាទក្រហមប្រទេសជប៉ុន អ្នកស្ម័គ្រចិត្តភូមិ និងប្រជាពលរដ្ឋប្រមាណ ១៥០នាក់ ដែលទទួលបានការឧបត្ថម្ភពីកាកបាទក្រហមជប៉ុន តាមរយៈកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ តំណាងអ្នកស្ម័គ្រចិត្តជប៉ុន បានលើកសរសើរពីការចូលរួមរបស់ប្រជាពលរដ្ឋ និងបានណែនាំប្រជាពលរដ្ឋកម្ពុជាឲ្យយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀតឲ្យបានយល់ផងដែរ។

លោកស្រី ឌុក ស៊ីដា បានលើកឡើងថា វិជ្ជាសង្គ្រោះបឋម គឺជាវិជ្ជាដ៏សំខាន់មួយដែលអ្នកទាំងអស់គ្នា ត្រូវសិក្សាដើម្បីទុកជាចំណេះដឹង ព្រោះវាជាគ្រឹះក្នុងជីវិតសម្រាប់ជួយជីវិតខ្លួនឯង គ្រួសារ និងសង្គមដែលតែងតែរងគ្រោះដោយចៃដន្យ ដូចជា ហូរឈាម សន្លប់ គាំងបេះដូង
រលាក បាក់ឆ្អឹង គ្រោះថ្នាក់ផ្សេងៗមុនពេលគ្រូពេទ្យជំនាញមកដល់ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
 
លោកស្រីបានបន្តថា នៅក្នុងទិវាពិភពលោកវិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» នេះ មានភាពទូលំទូលាយដល់មហាជនទូទៅ ទាំងនៅទីប្រជុំជន និងជនបទ ពិសេសឲ្យដល់កុមារាកុមារីចេះពីវិជ្ជាសង្គ្រោះបឋមដល់ពួកគេ ទាំងនៅក្នុងសាលារៀន និងនៅក្រៅសាលារៀន។

ក្នុងនោះដែរ លោកស្រីក៏បានពាំនាំនូវការសួរសុខទុកពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាលកាកបាទក្រហមតែងតែជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា។

លោកស្រីបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវថែរក្សាសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីមានសុខភាពល្អ៕