(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ អនុញ្ញាតឲ្យ លោក Wang Jiarui  អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន ​ដឹកនាំគណៈប្រតិភូធ្វើទស្សកិច្ចនៅកម្ពុជា ពិសេសខេត្តសៀមរាប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក Wang Jiarui  បន្ដ​ប្រកាសថា ​កម្ពុជាមានឧបសគ្គ ចិននៅពីក្រោយចាំជួយគាំទ្រ ជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់ចិន ឧបសគ្គរបស់កម្ពុជា ក៏ដូចជាឧបសគ្គរបស់ចិន​។

លោក Wang Jiarui បានថ្លែងដូច្នេះថា «ដើម្បីធានានូវនយោបាយ ស្ថិរភាពរបស់ប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាផ្ទៃក្នុងបានល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រាជរដ្ឋាភិបាលបានចាប់ លោក កឹម សុខា ក្រសួងការបរទេសចិន សូមធ្វើការគាំទ្រ ចំពោះកិច្ចការនេះ និងសូមធានាដល់សន្តិសុខប្រទេសកម្ពុជា ប្រទេសចិននឹងជួយសហការប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈ កម្ពុជាមានឧបសគ្គ ប្រទេសចិននៅពីក្រោយជួយគាំទ្រដំណើរនេះ ជោគជ័យរបស់កម្ពុជា ក៏ដូចជាជោគជ័យរបស់ប្រទេសចិន ឧបសគ្គកើតឡើង ចំពោះប្រទេសកម្ពុជា ក៏ដូចជាឧបសគ្គចំពោះប្រទេសចិន សង្ឃឹមថា ប្រទេសកម្ពុជាមានសេដ្ឋកិច្ចល្អយ៉ាងខ្លាំងនៅពេលអនាគត»

ជាមួយគ្នា អនុប្រធានសភាប្រឹក្សាភិបាលប្រជាជនចិន បានថ្លែងធ្វើការកោតសរសើរចំពោះការអភិវឌ្ឍ រីកចម្រើនគួរឲ្យកត់សម្គាល់ ជា​ពិសេសវិស័យទេសចរណ៍ ដែលអាចស្រូបទាញអ្នកទេសចរ ឲ្យមកទស្សនាកំសាន្តកាន់តែច្រើនឡើង៕