(កំពង់ធំ)៖ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ បានដឹកនាំរដ្ឋបាលខេត្តកំពង់ធំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធ បង្កើតវេទិកាថ្នាក់ក្រោមជាតិមួយ ដើម្បីពិភាក្សាដាក់យុទ្ធសាស្រ្តពង្រឹងការងារគណនេយ្យភាពសង្គម នោះគឺវេទិកាសិក្សាស្វែងយល់អំពីដំណើការអនុវត្តការងារគណនេយ្យភាពសង្គម។

វេទិកានេះរៀបចំឡើងនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាឃុំត្បែង ស្រុកកំពង់ស្វាយ ដែលមានការចូលរួមពីលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ អង្កការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា និងអ្នកពាក់ព័ន្ធជិត២០០នាក់ទៀត។

អ្វីជាគណនេយ្យភាពសង្គម? លោករដ្ឋលេខាធិការ ងី ច័ន្ទ្រផល បានពន្យល់ថា គណនេយ្យភាពសង្គម ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ លទ្ធិប្រជាធិបតេយ្យ ហើយជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងនៃអភិបាលកិច្ចល្អ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន តាមរយៈការទទួលបាន និងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់លើបញ្ហា និងការអភិវឌ្ឍភូមិ/ឃុំរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សា ចរចារ ធ្វើឲ្យមានភាពប្រសើរឡើង។

លោក ជា គឹមថាន ប្រធានជាន់ខ្ពស់ប្រចាំតំបន់ព្រះវិហារ-កំពង់ធំ នៃអង្កការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា បានលើកឡើងថា ផែនការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដែលជាតំណាងអង្កការសង្គមស៊ីវិល ក្នុងកម្មវិធីបេសកកម្មសិក្សាស្វែងយល់ការអនុវត្តផែនការគណនេយ្យសង្គម គឺអនុវត្តជាក់ស្តែងនូវបទពិសោធន៍ល្អ បញ្ហាប្រឈមនានាដែលជួបប្រទះនៅមូលដ្ឋាន និងពិភាក្សាស្វែងរកដំណោះស្រាយ សំណូមពររបស់ប្រជពលរដ្ឋ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការរវាងអង្កការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌលទ្ធិប្រជាធិបតេយ្យ ដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទំាងអស់ រាប់ទំាងប្រជាពលរដ្ឋ និងអាជ្ញាធររដ្ឋបាល ក្រុមប្រឹក្សាឃុំ សាលារៀន និងមណ្ឌលសុខភាព។

លោក ងី ច័ន្ទ្រផល បានលើកឡើងថា នៅក្នុងឆ្នាំ២០១៧នេះ ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងកំពុងអនុវត្តក្នុងស្រុកគោលដៅ ចំនួន៩៨ នៃខេត្តចំនួន១៨ ដែលមានអង្កការសង្គមស៊ីវិលចំនួន៥។ ដោយឡែកក្នុងខេត្តកំពង់ធំ កំពុងអនុវត្តទៅលើស្រុកចំនួន៦ស្រុក ក្នុងចំណោមស្រុកទំាង៨ រួមមាន៖ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកបារាយណ៍ និងស្រុកសណ្តាន់ ទៅលើឃុំចំនួន៦៨ឃុំ មណ្ឌលសុខភាពចំនួន៤៤មណ្ឌល និងសាលាបឋមសិក្សាចំនួន៤៦សាលា។

លោករដ្ឋលេខាធិការបានបន្តថា ដើម្បីវាស់ស្ទង់អំពីគុណភាពនៃការអនុវត្តគណនេយ្យភាពសង្គម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនោះ គឺត្រូវមើលលើ៥ចំណុច រួមមាន៖ គុណភាពព័ត៌មាន ភាពងាយស្រួលក្នុងការទទួលសេវា ការយកចិត្តទុកដាក់ក្នុងការទទួលអ្នកប្រើប្រាស់សេវា សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ យន្តការទទួលព័ត៌មានត្រលប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា៕