(ភ្នំពេញ)៖ សមាគមខ្មែរចំនួន៥ នៅប្រទេសអូស្ដ្រាលី ចេញលិខិតបដិសេធចំពោះទង្វើ និងសកម្មភាពរបស់ «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» ថាពុំមែនតំណាងឲ្យពលរដ្ឋខ្មែរ និងសមាគមខ្មែរទូទាំងប្រទេសអូស្ដ្រាលីនោះទេ។

សមាគមខ្មែរទាំង៥នោះ អះអាងថា «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» តែងមាននិន្នាការ និងផ្សារភ្ជាប់ទៅនឹងសកម្មភាពនយោបាយគាំទ្រចំពោះបក្សប្រឆាំងដោយចំហរ ហើយថ្មីៗនេះ «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់នៅប្រទេសអូស្ដ្រាលី ចូលរួមធ្វើបាតុកម្មទាមទារដោះលែង បុគ្គលក្បត់ជាតិ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការចូលរួមការពារអំពើទុច្ចរិត និងបង្ហាញអំពីការលើកទឹកចិត្តឲ្យការប្រព្រឹត្តទង្វើខុសច្បាប់។

សមាគមខ្មែរទាំងនោះ បញ្ជាក់ថា «សហព័ន្ធខ្មែរអូស្ដ្រាលីសាជីវកម្ម» គ្រាន់តែជាសមាគមខ្មែរមួយ ក្នុងចំណោមសមាគមខ្មែរជាច្រើន ដែលមានទីតាំងនៅប្រទេសអូស្ដ្រាលី ដូច្នេះរាល់ទង្វើ និងសកម្មភាព ពុំមែនជាតំណាងឲ្យសមាគម ឬប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ដ្រាលីនោះទេ៕