(កំពង់ធំ)៖ ក្រោយពីទទួលដំណឹងថា ក្រុមជនសង្ស័យមួយក្រុមបានឃុបឃិតគ្នាប្រព្រឹត្តអំពើជួញដូរមនុស្សខុសច្បាប់រួចមក កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញអន្តរាគមន៍ចុះចាប់ខ្លួនជនទុច្ចរិតទាំងនោះបានចំនួន ៥នាក់ភ្លាមៗ ដើម្បីនាំមកសាកសួរតាមនីតិវិធី ក្នុងនោះមានម្នាក់ជាមេក្លោងជួញដូរមនុស្សពិតមែន ខណៈ៤នាក់ទៀត​កំពុងស្ថិតនៅក្នុងដំណាក់ការស៊ើបអង្កេតនៅឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងថា ការជួញដូរមនុស្សឆ្លងដែននេះ ជាការជួញដូរមនុស្សដោយមានក្រុមចាត់តាំង ឬហៅថា «ករណីនាំមនុស្សចេញដោយមានគោលដៅ»។

បើតាមលោកឧត្តមសេនីយ៍ទោ ជីវ ផល្លី ជនរងគ្រោះមានចំនួន១៤នាក់ ចំណែកជនសង្ស័យទាំង៥នាក់នោះ មានឈ្មោះ៖
១៖ ឈ្មោះ រឹម សិទ្ធ អាយុ២៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
២៖ ឈ្មោះ ឌិន ហុំ អាយុ២៤ឆ្នាំ រស់នៅភូមិប្រាសាទអណ្តែត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
៣៖ ឈ្មោះ រ័ត្ន សុវ៉ាន់ អាយុ២៣ឆ្នាំ រស់នៅភូមិដង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
៤៖ ឈ្មោះ ជា ឡុក អាយុ៤៣ឆ្នាំ រស់នៅភូមិដង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
៥៖ ឈ្មោះ មឿន ម៉ៅ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាម។

លោកឧត្តមសេនីយ៍ទោបានបន្តថា ជនសង្ស័យទាំងនេះ បានប្រើប្រាស់មធ្យោបាយលួងលោមជនរងគ្រោះ និងក្រុមគ្រួសារថា ការងារដែលទៅធ្វើនោះងាយស្រួលទេ បានប្រាក់ខែថ្លៃ មានពេលសម្រាកគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ ដើម្បីឲ្យមានការទុកចិត្តនោះ ជនសង្ស័យបានឲ្យក្រុមគ្រួសារជនរងគ្រោះខ្ចីប្រាក់ចំនួន ២,០០០,០០០រៀល ក្នុងមួយគ្រួសារទៀតផង។

លោកឧត្តមសេនីយ៍ទោបន្តទៀតថា ក្រុមជនសង្ស័យបាននាំជនរងគ្រោះទៅធ្វើលិខិតឆ្លងដែន នៅរាជធានីភ្នំពេញ ក្រោយមកក៏បន្តនាំទៅតំបន់ឡែម ខេត្តប៉ៃលិន រួចឆ្លងទៅដល់ប្រទេសថៃ នៅទីនោះពួកទុច្ចរិតបានលក់ក្រុមជនរងគ្រោះឲ្យទៅឈ្មួញបរទេស ដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម។

ក្រោយពេលទិញ-ដូរគ្នាហើយ ពួកឈ្មួញទាំងនោះបានបង្ខំឲ្យជនរងគ្រោះធ្វើការច្រើនម៉ោង បង្ខាំងមិនឲ្យចេញក្រៅ មិនបើកប្រាក់ខែ ដោយបើកម្តងបានត្រឹមតែ ១០០រីងគីតប៉ុណ្ណោះ (រូបីយបណ្ណម៉ាឡេស៊ី) ស្មើប្រមាណ៣០ដុល្លារអាមេរិក។ ដោយទ្រាំនឹងការលំបាកទាំងនេះមិនបាន ជនរងគ្រោះបានរត់ចេញពីទូកនេសាទ រហូតដល់ក្រុមជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួន និងធ្វើសាកសួរព័ត៌មាននានា ព្រមទាំងទំនាក់ទំនងទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសទាំងនោះ រហូតបានបញ្ជូនជនរងគ្រោះមកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។

លោកបានបង្ហើបថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ មន្រ្តីនគរបាលបានស៊ើបដឹងច្បាស់ថា ឈ្មោះ មឿន ម៉ៅ គឺជាមេក្លោង ចំណែកជនសង្ស័យចំនួន៤នាក់ទៀត សមត្ថកិច្ចកំពុងស៊ើបអង្តេតបន្ត តែទោះយ៉ាងណា ជនទាំងនេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕