(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកជួយជនរងគ្រោះទាំងឡាយ។
សម្រាប់រាប់ឆ្នាំនេះ មានស្ម័គ្រចិត្តចុះឈ្មោះបរិច្ចាគឈាមចំនួន៣០២នាក់ ដែលរាប់ចាប់តាំងពីថ្នាក់ដឹកនាំជាន់ខ្ពស់រហូតបុគ្គលិក កម្មករ-កម្មការិនី រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងបងប្អូនក្រុមគ្រួសារញ្ញាតិមិត្ត នៃអ្នកជំងឺដែលកំពុងសង្រ្គោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់មែតផងដែរ។
លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា នេះជាពិធីដ៏វិសេសវិសាល និងមានតម្លៃមួយក្នុងឱកាស ដែលបុគ្គលិករបស់មន្ទីរពេទ្យកាល់ម៉ែត កំពុងតែមមាញឹកក្នុងការសង្រ្គោះជីវិតថែទាំ និងព្យាបាលជំងឺដោយប្រើប្រាស់អស់កម្លាំងកាយ កម្លាំងចិត្តក្នុងភារកិច្ចរបស់ខ្លួន ហើយបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីសង្រ្គោះអ្នកជំងឺដោយផ្ទាល់ដែលជាកាយវិការមនុស្សធម៌ និងជាគំរូដ៏ល្អមួយគួឲ្យកោតសសើរបំផុត។
ក្នុងនាមលោកជាថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកមានមោទនភាព និងសូមវាយតំលៃខ្ពស់ចំពោះកាយវិការ ដែលសំដែងនូវការគាំទ្រគោលនយោបាយផ្តល់ឈាម ដោយស្ម័គ្រចិត្តរបស់ក្រសួងសុខាភិបាលជាពិសេសគាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តល់ អទិភាពដល់វិស័យសុខាភិបាល ពិសេសចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា ការបរិច្ចាគឈាមនេះ ជាកាយវិការមនុស្សធម៌របស់ប្រជាពលរដ្ឋគ្រប់រូ បដែលអាចចូលរួមចំណែក ក្នុងការសង្រ្គោះអាយុជីវិតមនុស្សបាន ហើយការណ៍នេះនឹងក្លាយជាទម្លាប់ល្អ ជាគុណធម៌ និងវប្បធម៌នៃការចែករំលែកដ៏ថ្លៃថ្លា មិនអាកាត់ថ្លៃបានជាពិសេសអ្នកដែលស្ថិតនៅបំពេញការងារ ក្នុងវិស័យសុខាភិបាល។
លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏សូមលើកទឹកចិត្តបងប្អូនទាំងអស់ដែលនៅទីនេះ បានយល់ច្បាស់អំពីអត្ថប្រយោជន៍ការបរិច្ចាគឈាម នាព្រឹកនេះនឹងសូមបន្តចូលរួមចំណែកក្នុងការបរិច្ចាគឈាម ក្នុងឱកាសដ៏មានអត្ថន័យនេះឲ្យកាន់ផុសផុលបន្ថែមទៀត។
នៅក្នុងពិធីបរិច្ចាគឈាមនេះដែរ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា នៃក្រសួងសុខាភិបាលមន្ត្រីរាជការបុគ្គលិកទាំងអស់ លោកមានកិត្តិយសក្រៃលែងដោយបានរួមសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យដ៏ធំមួយ និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដើម្បីលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនាថ្ងៃនេះ។
ក្នុងគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ឈាមមានសុវត្ថិភាព ក្នុងបរិមាណគ្រប់គ្រាន់ទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និងក្នុងពេលបន្ទាន់បំផុត។
យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ បានបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្ទីរពេទ្យមជ្ឈមណ្ឌល និងវិស័យឯកជនដែលយកចិត្តទុកដាក់ ចំពោះការថែទាំសុខមាលភាពប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕