(សៀមរាប)៖ តាមរយៈការផ្សព្វផ្សាយ និងការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ក្នុងរយៈពេល២ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានទទួលភាជន៍បុរាណចំនួន៦ ដែលបច្ចុប្បន្ន ភាជន៍ចំនួន៤ (២រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ) បានរក្សាទុក ធ្វើការអភិរក្ស និងជួសជុលដោយអ្នកជំនាញ នៃមជ្ឈមណ្ឌលអន្តរជាតិ និងតម្កល់ឯកសារអង្គរ។

ភាជន៍ទាំង៤ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋជាច្រើន តំបន់នៅក្នុងខេត្តសៀមរាបដូចជា ភាជន៍ទី១មានស្រទាប់រលោងពណ៌ត្នោត បែកមាត់បន្តិចរកឃើញនៅ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ពេលឈូសឆាយដីដាំពោត ម្ចាស់រក្សាទុករយៈពេល៣ខែ។ ភាជន៍ទី២ មានស្រទាប់រលោងពណ៌បៃតង មានទំហំតូច បែកមាត់ទាំងស្រុង រកឃើញនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ពេលជីកបង្គោលធ្វើរោងចិញ្ចឹមទាកាប៉ា ម្ចាស់រក្សាទុក៣ខែ។

ភាជន៍ទី៣ ទី៤ មានស្រទាប់រលោងពណ៌ត្នោតទាំងពីរ មួយក្នុងចំណោមនោះមានត្រចៀកព័ទ្ធជុំវិញ មានសភាពល្អ ត្រូវបានរកឃើញនៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ក្នុងការដ្ឋានជីកដីលក់ ហើយម្ចាស់រក្សាទុករយៈពេល១៥ឆ្នាំ មុនប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា។ ភាជន៍ទាំងនោះ គឺផលិតឡើងនៅចន្លោះស.វទី៩ដល់១៥នៃគ.ស។ បើទោះជាភាជន៍ទាំងអស់ មានរូបរាងនៅល្អ តែសភាពខាងក្រៅខូចខាតដោយសារអាយុកាលដ៏យូរ និងការកប់ក្នុងដីធ្វើឱ្យស្លែ និងជាតិអំបិលផ្ទាត់ស្រទាប់រលោង ទាំងនោះចេញអស់ ដូច្នេះទាមទាឱ្យមានការអភិរក្សជាចាំបាច់ ដើម្បីពង្រឹងស្រទាប់រលោងឱ្យនៅបានយូរ កាត់បន្ថយការខូចខាតកាន់តែធ្ងន់ធ្ងរ។

លោក ធី សេរីវុឌ្ឍ អ្នកជំនាញអភិរក្ស និងជួសជុលភាជន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានរៀបរាប់ពីរបៀបនៃការអភិរក្សភាជន៍ទាំងនោះថា ដំបូងឡើយ គឺយើងធ្វើការសម្អាតភាជន៍ទាំងអស់នេះសិនដើម្បីយកដីស្លែ និងផ្កាអំបិលចេញ រួចហើយយកវាទៅត្រាំក្នុងទឹកសុទ្ធដែលមានជាតិរ៉ែទាបបំផុតរយៈពេល៣ថ្ងៃ ដកជាតិអំបិល ហើយមួយថ្ងៃពិនិត្យមើលម្តងរហូតដល់សាបជាតិអំបិលអស់។

បន្ទាប់មកយកវាទុកឲ្យស្ងួត ហើយដោយសារស្រទាប់រលោងមានបញ្ហា យើងត្រូវពង្រឹងការពារកុំឱ្យរបកទៀត ដោយប្រើកាវ B៧២ និងB42 លាយជាមួយអាស៊ីតោនឲ្យរាវ ដើម្បីលាបលើភាជន៍ទាំងនោះ ម្តងមួយស្រទាប់ៗរហូតដល់អាចប្រើការបាន និងធានានូវរយៈពេលយូរ។ ដោយសារតែភាជន៍ទាំងនេះ មិនមានអ្វីត្រូវជួសជុល ទើបមិនចំណាយពេលច្រើន។ ភាជន៍ទាំងអស់ក៏បានធ្វើការកត់ត្រានូវកាលបរិច្ឆេទ ទីតាំងដែលរកឃើញ និងប្រវត្តិផងដែរ ដើម្បីទុកជាឯកសារនិងការសិក្សាស្រាវជ្រាវ ក៏ដូចជាយកទៅតាំងពិព័រណ៌នៅតាមសារមន្ទីរពេលត្រូវការ។

គួរបញ្ជាក់ផងដែរថា រយៈពេលមួយឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជួសជុលនិងអភិរក្សបានភាជន៍ជាង១០ហើយដោយអ្នកជំនាញ ហើយភាជន៍ទាំងអស់ក៏បានតាំងបង្ហាញនៅមជ្ឈមណ្ឌលផងដែរ៕